អន្តរជាតិ

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩ នៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ា-ឥណ្ឌា

BY
autoadmin
June 4, 2021

ការផ្ទុះឡើងវិញនៃជំងឺ COVID-19 កំពុងតែរីកដុះដាលយ៉ាងខ្លាំងនៅជិតព្រំដែនភាគពាយ័ព្យ រវាងប្រទេសមីយ៉ាន់ម៉ា-ឥណ្ឌា ដែលនាំឱ្យមានការកើនឡើងនូវករណីថ្មីៗជាច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។ តួលេខផ្លូវការដែលត្រូវបានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍បានបង្ហាញថា មីយ៉ាន់ម៉ាបានកត់ត្រាករណីថ្មីចំនួន ១២២ ករណី នៅទូទាំងប្រទេស ជាលើកទី២ ក្នុងរយៈពេល ៣ ថ្ងៃចុងក្រោយនេះ ដែលវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ខែ កន្លងមក។

ករណីជាច្រើនគឺមកពីរដ្ឋ Chin ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ដែលធ្វើឱ្យមានការព្រួយបារម្ភថា ជំងឺបំប្លែងខ្លួនថ្មីរបស់ប្រទេសឥណ្ឌា ដែលល្បីថាងាយចម្លងគ្នាទៅវិញទៅមកនោះ គឺកំពុងតែវាយប្រហារមកលើប្រទេសមីយ៉ាន់ម៉ា។ ឥឡូវនេះក្រុមគ្រូពេទ្យមានការបារម្ភថា ការរកឃើញករណីថ្មីៗនៅមានកម្រិត ដោយសារថាមានតែសំណាកចំនួន ១,៤០០ ជាមធ្យមក្នុងមួយសប្ដាហ៍ត្រូវបានគេយកទៅពិនិត្យប៉ុណ្ណោះ ដែលវាតិចជាងពីពេលមុនរដ្ឋប្រហារដែលមានយ៉ាងហោចណាស់ ១៧,០០០ សំណាកក្នុងមួយសប្ដាហ៍៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: