អន្តរជាតិ

ប្រទេសរុស្ស៊ីកំពុងពិចារណាលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម

BY
autoadmin
June 9, 2021

ប្រទេសរុស្ស៊ីបានចាប់ផ្តើមដំណើរការពិចារណាលើការផ្ទេរបច្ចេកវិទ្យាវ៉ាក់សាំង Sputnik V ទៅកាន់ប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider ដកស្រង់កិច្ចសន្ទនាតាមទូរស័ព្ទមួយរវាងលោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធរបស់ប្រទេសរុស្ស៊ី និងប្រធានរដ្ឋសភាវៀតណាមលោក VươngĐìnhHuệ ។ ក្នុងនោះផងដែរ ភាគីវៀតណាមបានថ្លែងអំណរគុណដល់ភាគីរុស្ស៊ីចំពោះការបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ១,០០០ ដូស និងកិច្ចព្រមព្រៀងថ្មីៗ ដើម្បីជួយឱ្យប្រទេសវៀតណាមក្នុងការទទួលបានវ៉ាក់សាំងបន្ថែមចំនួន ២០ លានដូស និងការទទួលបានផ្សេងៗទៀត។

នៅក្នុងកិច្ចពិភាក្សានោះ មេដឹកនាំទាំង ២ បានសង្កត់ធ្ងន់លើសារសំខាន់នៃចំណងទាក់ទងទ្វេភាគីវៀតណាម-រុស្ស៊ី ហើយនឹងបន្តផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ក៏ដូចជាទំនាក់ទំនងយោធាស្របតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១២ ។ ភាគីទាំង ២ បានឯកភាពគ្នាបន្តធ្វើការជាមួយគ្នានៅក្នុងអង្គការតំបន់ និងអន្តរជាតិជាពិសេសអង្គការសហប្រជាជាតិ។

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ក៏កាន់តែមានភាពរឹងមាំ បន្ទាប់ពីការចុះហត្ថលេខាលើសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic) ជាមួយពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ២០២០ ឈានដល់ ៤.៨៥ ពាន់លានដុល្លារអាមេរិក ដែលជាការកើនឡើង ៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រេង និងថាមពលនៅតែជាវិស័យសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ី ក៏ដូចជាវិស័យយោធា ការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការធ្វើដំណើរ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: