ចៅក្រមនៅរដ្ឋមីនីសូតារបស់សហរដ្ឋអាមេរិក សម្រេចចិត្តផ្តន្ទាទោសលោក Derek Chauvin ឱ្យជាប់ពន្ធនាគាររយៈពេល ២២.៥ ឆ្នាំ ជុំវិញការធ្វើឃាតលើលោក George Floyd
- BY
- autoadmin
- June 26, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ចៅក្រមនៅរដ្ឋមីនីសូតាសហរដ្ឋអាមេរិក បានផ្តន្ទាទោសលោក Derek Chauvin អតីតប៉ូលីសស្បែកសម្នាក់ ដែលបានសម្លាប់លោក George Floyd ឱ្យជាប់ពន្ធនាគាររយៈពេល ២២.៥ ឆ្នាំ។ ការពិតទៅគោលការណ៍ណែនាំកាត់ទោស បានអំពាវនាវឱ្យមានការកាត់ទោសលោក Derek Chauvin រយៈពេល ១២.៥ ឆ្នាំ ប៉ុន្តែចៅក្រមលោក Peter Cahill បានបន្ថែមរយៈពេល ១០ ឆ្នាំផ្សេងទៀត ដោយគាត់បាននិយាយថា Chauvin បានរំលោភលើជំហរនៃការទុកចិត្ត និងរំលោភសិទ្ធិអំណាច ហើយជាពិសេសបានបង្ហាញភាពសាហាវឃោរឃៅរបស់ខ្លួន។

លោក Cahill បាននិយាយថា លោកមិនបានកាត់ទោសផ្អែកលើមតិសាធារណៈទេ ខណៈដែលពេលនេះលោក Derek Chauvin នឹងត្រូវឃុំខ្លួននៅផ្ទះដាច់ដោយឡែកមួយមុនពេលបញ្ជូនទៅពន្ធនាគារ។ គួររំលឹកដែរថា នៅខែឧសភា ឆ្នាំ២០២០ លោក Chauvin បានសម្លាប់លោក Floyd ដោយលុតជង្គង់នៅនឹងករបស់ Floyd អស់រយៈពេលជាង ៩ នាទី ហើយកាលនោះលោក Floyd ក៏បានប្រាប់ទាំងដៃជាប់ខ្នោះថា «គាត់មិនអាចដកដង្ហើមបានទេ» ប៉ុន្តែលោក Derek Chauvin និងគ្នីគ្នាមិនខ្វល់ឡើយ។
មរណភាពរបស់លោក Floyd បានបង្កឱ្យមានការតវ៉ានៅទូទាំងប្រទេស និងជុំវិញពិភពលោក។ កាលពីខែមេសា គណៈវិនិច្ឆ័យបានកាត់ទោស Chauvin ពីបទចោទប្រកាន់ចំនួន ៣ ពីបទឃាតកម្ម និងមនុស្សឃាត។ ចំណែកបងប្រុសរបស់លោក Floyd គឺលោក Philonese បាននិយាយបន្ទាប់ពីការកាត់ទោសថា ជីវិតទាំងអស់គឺសំខាន់ ហើយគ្រប់គ្នាគួរតែក្រោកឈរ និងតស៊ូដើម្បីយុត្តិធម៌ចំពោះពូជសាសន៍នេះ។ ជម្រាបដែរថា នេះមិនមែនជាចុងបញ្ចប់នៃបញ្ហាផ្លូវច្បាប់របស់លោក Chauvin ទេ ព្រោះគាត់ក៏ប្រឈមនឹងការចោទប្រកាន់ពីសហព័ន្ធពីបទរំលោភសិទ្ធិស៊ីវិលរបស់លោក Floyd ទៀតដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN
- Share This Post:






