អន្តរជាតិ

ប្រទេសចិនកំពុងបង្កើតនិងសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Spray សម្រាប់ប្រើបញ្ចូលតាមច្រមុះ

BY
autoadmin
June 15, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ប្រទេសចិនកំពុងធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ Spray ដែលជាការបង្កើតរួមគ្នាដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវេជ្ជសាស្ត្រយោធាក្រោមបណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា ដែលមានទំនាក់ទំនងជាមួយកងទ័ពរំដោះប្រជាជនប្រជាជនចិន (PLA) និងក្រុមហ៊ុនឱសថ CanSino Biologics ។ ប្រភពព័ត៌មានបាននិយាយថា វាគឺជាវ៉ាក់សាំងប្រភេទ Spray ១ ក្នុងចំណោម ២ របស់ប្រទេសចិន ដែលកំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែមពីអ្នកវិទ្យាសាស្ត្រ។

បើតាមសម្ដីរបស់លោក Shao Yiming អ្នកស្រាវជ្រាវនៅឯនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ចិន (CDC) បាននិយាយថា ក្រុមអ្នកជំនាញបានប្រមូលទិន្នន័យគ្លីនិកដំណាក់កាលដំបូងរួចរាល់ ហើយពួកគេនឹងសិក្សាពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ ដែលជាជម្រើសវ៉ាក់សាំងថ្មីមួយផ្សេងទៀត នៅក្រៅពីការចាក់ម្ជុលដែលកំពុងមានស្រាប់។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ វានៅតែមិនទាន់មានព័ត៌មានលម្អិតអំពីវ៉ាក់សាំងប្រភេទនេះ ថាតើវាត្រូវប្រើ ឬធ្វើការដោយរបៀបណានោះទេ។

ចំណែកឯវ៉ាក់សាំងប្រភេទ Spray មួយផ្សេងទៀត គឺជាការបង្កើតឡើងដោយសាកលវិទ្យាល័យ Xiamen, សាកលវិទ្យាល័យហុងកុង និងឱសថស្ថានជីវសាស្រ្តប៉េកាំងវ៉ាន់តៃ។ វាបានបញ្ចប់ការសាកល្បងដំណាក់កាលទី១ និងដំណាក់កាលទី២ នៅប្រទេសចិនរួចហើយ ខណៈអ្នកវិទ្យាសាស្ត្រកំពុងចង់សាកល្បងដំណាក់កាលទី៣ នៅក្រៅប្រទេស ដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ។ បច្ចុប្បន្នប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតវ៉ាក់សាំង ហើយពួកគេបានកំណត់គោលដៅចង់ឱ្យប្រជាជនចំនួន ៤០% បានចាក់វ៉ាក់សាំងការពារនៅចុងខែមិថុនា និង ៧០% នៅចុងឆ្នាំ២០២១៕

អត្ថបទ៖ លីដា
ប្រភព៖ Hindustan Times

Share This Post: