អន្តរជាតិ

វិទ្យាស្ថានហ្គាម៉ាឡេយ៉ានិយាយថា វ៉ាក់សាំង Sputnik V មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩ បំប្លែងខ្លួននៅឥណ្ឌាជាងវ៉ាក់សាំងដទៃទៀត

BY
autoadmin
June 16, 2021

វិទ្យាស្ថានហ្គាម៉ាឡេយ៉ារបស់រុស្ស៊ី (Gamaleya Center) បានអះអាងថា វ៉ាក់សាំង Sputnik V ដែលខ្លួនជាអ្នកបង្កើតឡើង គឺមានប្រសិទ្ធភាពជាងវ៉ាក់សាំងដទៃទៀត នៅក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ ទិន្នន័យនៃការសិក្សារបស់វិទ្យាស្ថានហ្គាម៉ាឡេយ៉ា ក៏ត្រូវបានបង្ហោះទិនានុប្បវត្តិអន្តរជាតិផងដែរ ដើម្បីឱ្យអ្នកវិទ្យាសាស្ត្រដទៃអាចពិនិត្យទៅលើលទ្ធផលនៃការសិក្សារបស់ពួកគេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមទៅនឹងការអះអាងរបស់វិទ្យាស្ថាននៅឡើយទេ។

ជម្រាបផងដែរថា វ៉ាក់សាំង Sputnik V ត្រូវបានអនុម័តឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅប្រទេសឥណ្ឌា ដោយរួមទាំងវ៉ាក់សាំង Covishield និង Covaxin សម្រាប់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ។ ជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬ Delta មួយនេះ ត្រូវបានចុះក្នុងបញ្ជី វ៉ារ្យ៉ង់ដ៏គួរឱ្យបារម្ភ (VoC) ដោយអង្គការសុខភាពពិភពលោក (WHO) ហើយវាត្រូវបានគេជឿជាក់ថា បានដើរតួនាទីយ៉ាងសកម្មនៅក្នុងការឆ្លងរីករាលដាលយ៉ាងគំហុក ជាមួយនឹងរលកទី២ របស់ប្រទេសឥណ្ឌា៕

អត្ថបទ៖ លីដា
ប្រភព៖ IndiaTV News

Share This Post: