ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ នឹងត្រូវអនុវត្តជាជំហានដំបូងនៅភ្នំពេញ

    BY Khmernote Media June 22, 2021
    ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ នឹងត្រូវអនុវត្តជាជំហានដំបូងនៅភ្នំពេញ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាលបានបញ្ជាក់ថា ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលតាមផ្ទះ នឹងត្រូវអនុវត្តជាជំហានដំបូងក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញ ដើម្បីជួយកាត់បន្ថយបន្ទុកប្រព័ន្ធសុខាភិបាលបន្ថែមទៀត ក្នុងការគ្រប់គ្រងករណីជំងឺកូវីដ-១៩ និងសង្គ្រោះបន្ទាន់កម្រិតធ្ងន់។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ការដាក់ឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ ដោយសារតែបច្នុប្បន្ននេះ អ្នកជំងឺកូវីដ១៩បានរកឃើញជាបន្តបន្ទាប់ ដែលជាតួលេខខ្ពស់គួរឱ្យព្រួយបារម្ភ។ លោកជំទាវបញ្ជាក់ថា តាមបទពិសោធន៍នៃបណ្តាប្រទេសជាច្រើនបានជ្រើសរើសយកការព្យាបាលជំងឺកូវីត-១៩ ស្រាលនៅតាមផ្ទះ ហើយអង្គការសុខភាពពិភពលោកក៏បានណែនាំសម្រាប់ថែទាំអ្នកជំងឺកូវីដ១៩ ក្នុងកម្រិតស្រាលដែលអាចដាក់ឱ្យនៅដាច់ដោយឡែកព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយបន្ទុករបស់ប្រព័ន្ធថែទាំសុខាភិបាល។

    ដោយឡែក សម្រាប់កម្ពុជាតាមការប៉ាន់ស្មាន មានអ្នកជំងឺកូវីដ-១៩ ចំនួន ៨០ភាគរយ ស្ថិតក្នុងកម្រិតគ្មានរោគសញ្ញានិងកម្រិតស្រាល ដូច្នេះអ្នកជំងឺកូវីដ១៩ កម្រិតស្រាលដែលគ្មានកត្តាប្រឈម អាចទទួលការព្យាបាលនៅតាមផ្ទះក្រោមការគ្រប់គ្រងថែទាំនិងព្យាបាលជាប់ជាប្រចាំ ដោយមន្ត្រីរដ្ឋាភិបាល និងអ្នកស្ម័គ្រចិត្ត ដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ លោកជំទាវបញ្ជាក់ថា ជាជំហានដំបូងក្រសួងសុខាភិបាលកំពុងតែពិចារណា ការអនុវត្តការព្យាបាលអ្នកជំងឺកូវីដ-១៩ នេះនៅរាជធានីភ្នំពេញមុនគេ មុននឹងឈានទៅខេត្តដ៏ទៃ។

    «អ៊ីចឹងយើងឃើញហើយនៅក្នុងផ្ទះមួយប្រសិន បើមានអ្នកឈឺ ហើយអ្នកឈឺហ្នឹងគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចឹងមនុស្សក្នុងផ្ទះហ្នឹងគឺគាត់បារម្ភពីអ្នកជំងឺហ្នឹងគ្រប់គ្នា ហើយអ្នកជំងឺមួយចំនួនគាត់ទៅពេទ្យ គាត់ពិបាកគាត់ត្រូវចំណាយថវិកាផ្ទាល់ខ្លួន គាត់ទិញនេះទិញនោះ ទិញរបស់របរប្រើប្រាស់ខ្លួនគាត់ផងដែរសម្រាប់គាត់។ ហើយម្យ៉ាងវិញទៀត ការធ្វើដូចនេះក៏សម្រួលដល់ក្រុមគ្រួសារអាចនៅផ្ទះមើលថែអ្នកជំងឺ ប៉ុន្តែត្រូវអនុវត្ដតាមប្រតិបត្តិស្តង់ដារ ដែលក្រសួងបានដាក់ចេញដើម្បីការពារការចម្លងបន្តគ្នា។ ហើយដោយឡែកសម្រាប់មន្ទីរពេទ្យវិញ គឺបានសម្រាលនូវបន្ទុករបស់មន្ទីរពេទ្យ ដោយសារយើងឃើញហើយ ប្រសិនជាយើងរកឃើញជារៀងរាល់ថ្ងៃបែបនេះ ប្រាកដថ្ងៃណាមួយពេញទៅ នឹងមិនមានកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺដែលធ្ងន់ៗនោះទេ»។

    ទោះជាបែបនេះក្តី លោក ជំទាវបញ្ជាក់ទៀតថា មុននឹងអនុញ្ញាតឱ្យអ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទះ គឺក្រសួងចុះវាយតម្លៃជាមុនពីមន្ត្រីជំនាញ ដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ១៩ទៅសមាជិកគ្រួសារ ឬសហគមន៍អ្នកជំងឺកូវីដ-១៩។ សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ដែលគ្រូពេទ្យអនុញ្ញាតឱ្យព្យាបាលថែទាំនៅតាមផ្ទះ ត្រូវតែពុំមានរោគសញ្ញាឬមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ ដូចជា ក្តៅខ្លួន អស់កម្លាំង ក្អក តឹងច្រមុះ ហៀរសំបោរ ឈឺបំពង់ក ឈឺក្បាល និងឈឺសាច់ដុំ ជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: