អន្តរជាតិ

កូវីដបំប្លែងខ្លួនចាស់មិនទាន់ស្ងាត់ផង ឥឡូវប្រទេសឥណ្ឌាកំពុងប្រឈមជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីមួយទៀតហៅថា “Delta Plus”

BY
autoadmin
June 24, 2021

ប្រទេសឥណ្ឌាបាននិងកំពុងបង្ហាញពីការចុះថយករណីជំងឺ COVID-19 ប្រចាំថ្ងៃថ្មីៗ ក៏ប៉ុន្តែទន្ទឹមនឹងការចុះថយនេះផងដែរ ប្រទេសនេះកំពុងប្រឈមនឹងវ៉ារ្យ៉ង់ថ្មីមួយទៀត ដែលគេហៅថា «Delta Plus» ខណៈរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌាផ្ទាល់ បានប្រកាសវាថាជា វ៉ារ្យ៉ង់ដ៏គួរ​ឱ្យព្រួយបារម្ភ  កាលពីថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្មានថ្ងៃមុននេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានរាយការណ៍ថា គិតមកទល់នឹងពេលនេះ ឥណ្ឌាបានរកឃើញករណីវ៉ារ្យ៉ង់ Delta Plus ចំនួន ២២ករណី ចេញពីរដ្ឋចំនួន ៣ គឺរដ្ឋ Maharashtra, Kerala និង Madhya Pradesh ។

ក្រសួងសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់ប្រទេសឥណ្ឌា បានណែនាំដល់រដ្ឋដែលបានរៀបរាប់ខាងលើឱ្យមានការចាត់វិធានការទប់ស្កាត់ជាបន្ទាន់ នៅតាមបណ្តាស្រុក និងបណ្តុំកន្លែងនានា ដែលត្រូវបានគេរាយការណ៍ថាមានការឆ្លង។ វិធានការណ៍ដែលបានលើកឡើងរួមមាន៖ ទប់ស្កាត់កន្លងមានមនុស្សច្រើន និងការប្រមូលផ្ដុំក្រុមផ្សេងគ្នា, ការតេស្ដរកមើលជំងឺ និងការតាមដានភ្លាមៗ ក៏ដូចជាការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយ។ សំណាកវិជ្ជមានដែលត្រូវបានយកចេញពីរដ្ឋទាំង ៣ ខាងលើ ក៏នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍របស់រដ្ឋ ដើម្បីសិក្សាពីរោគរាតត្បាតបន្ដទៀត។

វ៉ារ៉្យង់ Delta Plus មានកូដឈ្មោះ «K417N» ហើយវាត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួនទៀតរួមមាន៖ អង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន នេប៉ាល់ ប៉ូឡូញ ព័រទុយហ្កាល រុស្ស៊ី ស្វីស និងទួរគី ខណៈភាគច្រើននៃករណីទាំងនោះត្រូវបានរាយការណ៍ពីសហរដ្ឋអាមេរិក អង់គ្លេស និងព័រទុយហ្កាល់។ ឥឡូវនេះអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចអះអាងថា វ៉ារ៉្យង់ប្រភេទនេះត្រូវជាមួយវ៉ាក់សាំងបច្ចុប្បន្នបានប៉ុណ្ណានៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបាននិយាយថា នឹងបង្ហាញវាឡើងនៅពេលដែលមានព័ត៌មានបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times

Share This Post: