អន្តរជាតិ

អាហ្រ្វិកខាងត្បូងបានចាប់ផ្ដើមដាក់ការរឹតត្បឹតថ្មីៗ ដោយសារជំងឺកូវីដ១៩ បំប្លែងខ្លួនប្រភេទ Delta កំពុងវាយប្រហារលើប្រទេសនេះខ្លាំងជាងប្រភេទ Beta ដែលខ្លួនកំពុងមានស្រាប់

BY
autoadmin
June 28, 2021

អាហ្រ្វិកខាងត្បូងបានចាប់ផ្ដើមដាក់កម្រិតថ្មីៗ លើសកម្មភាពរបស់ប្រជាជនដើម្បីទប់ស្កាត់រលកទី៣ នៃការឆ្លងជំងឺ COVID-19 ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Delta ដែលជាប្រភេទដែលងាយចម្លងពីម្នាក់ទៅម្នាក់ទៀត។ ប្រធានាធិបតីលោក Cyril Ramaphosa បានថ្លែងសុន្ទរកថាមួយទៅកាន់សាធារណជនកាលពីថ្ងៃអាទិត្យថា វ៉ារ៉្យង់ Delta ដែលត្រូវបានគេកំណត់អត្តសញ្ញាណដំបូងនៅក្នុងប្រទេសឥណ្ឌា កំពុងមានសកម្មភាពយ៉ាងខ្លាំងនៅអាហ្វ្រិកខាងត្បូង ពោលគឺខ្លាំងជាងវ៉ារ៉្យង Beta ដែលរកឃើញដំបូងនៅប្រទេសនេះស្រាប់ទៅទៀត។

លោក Cyril Ramaphosa បាននិយាយថា៖ «ចំណុចកំពូលនៃរលកទី៣នេះមើលទៅខ្ពស់ជាងរលកទី២ ពីមុន»។ លោកក៏បានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់លើប្រព័ន្ធវេជ្ជសាស្ត្រដ៏តានតឹងរបស់ប្រទេសនេះ ខណៈរដ្ឋាភិបាលបានដាក់ការហាមឃាត់រាល់ការប្រមូលផ្តុំ ហើយប្រជាជនត្រូវបានហាមឃាត់មិនឱ្យបរិភោគនិងផឹកស៊ីនៅក្នុងភោជនីយដ្ឋាន។

រដ្ឋាភិបាលក៏បានហាមឃាត់ប្រជាជនមិនឱ្យធ្វើដំណើរចូល និងចេញពីខេត្ត Gauteng ដែលជាខេត្តរបស់ទីក្រុងធំជាងគេគឺ Johannesburg ដោយសារនៅទីនោះមានការកើនឡើងករណីអាក្រក់ជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា ការលើកលែងមួយចំនួនក៏ត្រូវបានដាក់ឡើងចំពោះអ្វីដែលទាក់ទងនឹងការងារ ហើយការលក់គ្រឿងស្រវឹងក៏ត្រូវបានរឹតត្បឹត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារស្រាក្នុងអំឡុងពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: