វៀតណាមអនុម័តឱ្យមានការប្រើប្រាស់ក្នុងសម្រាប់ស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិក
- BY
- autoadmin
- June 29, 2021
យោងតាមសារព័ត៌មាន VNexpress នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសវៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់សម្រាប់ស្ថានភាពបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថអាមេរិក Moderna ។ ជម្រាបដែរថា នេះជាការអនុម័តលើកទី៥ របស់ប្រទេសវៀតណាម បន្ទាប់ពីវ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សហការគ្នាជាមួយក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់, វ៉ាក់សាំងក្រុមហ៊ុនចិន Sinopharm និងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ។

វ៉ាក់សាំងដែលប្រើបច្ចេកវិទ្យាបញ្ជូន RNA ឬ mRNA មួយនេះបានបង្ហាញប្រសិទ្ធភាព ៩៤.១ ភាគរយ ក្នុងការការពារការឆ្លងជំងឺ COVID-19 ចំពោះអ្នកដែលបានទទួលវ៉ាក់សាំងទាំង ២ដូស ហើយក៏មិនមានភស្តុតាងដែលអ្នកចាក់វ៉ាក់សាំងនេះ អាចឆ្លងជំងឺ COVID-19 បាននោះដែរ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក។ យោងតាមក្រសួងសុខាភិបាលវៀតណាម វ៉ាក់សាំង Moderna ដែលផ្គត់ផ្គង់ដល់ប្រទេសវៀតណាម អាចត្រូវបានផលិតនៅប្រទេសអេស្ប៉ាញ និងបារាំង ហើយក្រុមហ៊ុន Zuellig Pharma Vietnam គឺនឹងទទួលបន្ទុកជាអ្នកចែកចាយវ៉ាក់សាំងនៅប្រទេសវៀតណាម៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






