អន្តរជាតិ

បាត់បង់ជីវិត ៤៥នាក់ និងរបួសរាប់សិបនាក់ ក្រោយយន្ដហោះយោធា C-130 មួយគ្រឿង ដឹកអ្នកដំណើរច្រើនជាង ៩០នាក់ បានធ្លាក់នៅលើកោះ Jolo ប្រទេសហ្វីលីពីន

BY
autoadmin
July 5, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីយប់ថ្ងៃអាទិត្យ ទី០៤ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា​ យន្ដហោះយោធា ១គ្រឿង ប្រភេទ C-130 មានអ្នកដំណើរច្រើនជាង ៩០នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅពេលយន្តហោះបានធ្វើដំណើរចេញពីទីក្រុង Cagayan de Oro នៃកោះ Mindanao ទៅកាន់ខេត្ត Sulu ហើយបានផ្ទុះធ្លាក់នៅឯកោះ Jolo ។ ហេតុការណ៍នេះបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤៥នាក់ ខណៈរាប់សិបនាក់ទៀតមានសំណាងបានរួចជីវិត នៅពេលដែលពួកគេត្រូវបានទាញចេញពីសំណល់បាក់បែក។

យន្តហោះយោធាមួយគ្រឿងនោះ បានផ្ទុះនិងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ នៅពេលដែលវាបានជិះធ្លាក់ផ្លូវរត់ (runway) ហើយមិនអាចទប់ជំហរទៀតបាន។ មនុស្សរាប់សិបនាក់បានរងរបួស និងភាគច្រើនបានស្លាប់ ខណៈមនុស្ស ៥នាក់ ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។ ប្រភពបាននិយាយថា ទាហានខ្លះបង្ខំចិត្តលោតចេញពីលើយន្តហោះដើម្បីគេចពីការផ្ទុះ ប៉ុន្តែព័ត៌មានលម្អិតបែបណានៅមិនទាន់មាននោះទេ។ ចំណែកពួកមន្ត្រីវិញបាននិយាយថា ពួកគេមិនឃើញសញ្ញាណាមួយបង្ហាញថា យន្តហោះត្រូវបានគេវាយប្រហារនោះទេ ប៉ុន្តែពួកគេនឹងចាប់ផ្ដើមការស៊ើបអង្កេតភ្លាម នៅពេលដែលកិច្ចការសង្គ្រោះត្រូវបានបញ្ជប់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: