ការសិក្សារបស់សិង្ហបុរីបានបង្ហាញថា វ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យា mRNA អាចទប់ស្កាត់ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta បាន ៦៩% មិនថារោគសញ្ញាបែបណាទេ
- BY
- autoadmin
- July 8, 2021
យោងតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លង (NCID) និងក្រសួងសុខាភិបាលសិង្ហបុរី (MOH) បានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទ mRNA អាចការពារខ្លួនពលរដ្ឋពីវ៉ារ្យ៉ង Delta បាន ៦៩% មិនថាក្នុងរោគសញ្ញាបែបណានោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០២១។ វ៉ាក់សាំងប្រភេទនេះក៏អាចប្រឆាំងនឹងជំងឺ COVID-19 ធម្មតាដែលចេញរោគសញ្ញាបានពី ៨០ ទៅ ៩០% ហើយថែមទាំងអាចប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ, តម្រូវការឧបករណ៍ជំនួយដង្ហើម, ការចូល ICU ឬការស្លាប់បានដល់ទៅ ៩៣% ឯណោះ នេះបើតាមការចង្អុលបង្ហាញរបស់រដ្ឋមន្ត្រីសុខាភិបាលលោក Ong Ye Kung ។

វាគឺជាលទ្ធផលនៃការសិក្សាថ្មីរួមគ្នាមួយរបស់ NCID និង MOH ទៅលើគ្រួសារសិង្ហបុរី ដែលបានប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ចន្លោះពីខែកញ្ញា ឆ្នាំ២០២០ ដល់ចុងខែឧសភា ឆ្នាំ២០២១ ហើយការសិក្សានេះនឹងត្រូវបោះផ្សាយជាអន្ដរជាតិ សម្រាប់ឱ្យអ្នកសិក្សាដទៃយល់ដឹងទាក់ទងនឹងវ៉ារ៉្យង Delta ដែលជាប្រភេទជំងឺមានការឆ្លងលឿន និងអាចបណ្ដាលឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ។ ជម្រាបដែរថា សិង្ហបុរីប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna ដែលជាវ៉ាក់សាំងបច្ចេកវិទ្យា mRNA សម្រាប់កម្មវិធីវ៉ាក់សាំងជាតិរបស់ខ្លួន។
លោក Ong Ye Kung បានបន្ថែមថា ក្នុងចំណោមករណីក្នុងសហគមន៍ចាប់តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ (ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួច) គឺមានករណីតែ ១% ប៉ុណ្ណោះ ដែលត្រូវការជំនួយអុកស៊ីហ្ស៊ែន ហើយគ្មានអ្នកណាចូលបន្ទប់ ICU នោះទេ។ ផ្ទុយទៅវិញអ្នកដែលមិនបានចាក់វ៉ាក់សាំង បានធ្លាក់ខ្លួនឈឺ និងត្រូវការជំនួយអស់ទាំងនោះ រហូតដល់ទៅ ១០% ។ ដូច្នេះលោករដ្ឋមន្ត្រីបានសុំឱ្យពលរដ្ឋ អញ្ជើញទៅទទួលវ៉ាក់សាំងឱ្យបានច្រើន ហើយគួរធ្វើការកត់ឈ្មោះទុកឱ្យបានលឿន ដើម្បីកុំឱ្យមានភាពយឺតយ៉ាវ។ ម៉្យាងទៀតរដ្ឋអាចនឹងចុះហៅពលរដ្ឋវ័យចំណាស់ដល់ផ្ទះ បើទោះជាពួកគាត់មិនចេញទៅណាក៏ដោយ ព្រោះថាគ្រួសាររបស់ពួកគាត់អាចនាំមេរោគចូលផ្ទះធ្វើឱ្យពួកគាត់ឆ្លងបាន៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia , Today Online
- Share This Post:






