អន្តរជាតិ

ប្រធានាធិបតីហៃទី គឺលោក Jovenel Moise បានទទួលមរណភាពក្នុងវ័យ ៥៣ឆ្នាំ ដោយការបាញ់ធ្វើឃាតដល់ក្នុងផ្ទះ

BY
autoadmin
July 8, 2021

ប្រជាជននៅទូទាំងប្រទេសហៃទីកំពុងស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា បន្ទាប់ពីការធ្វើឃាតលើប្រធានាធិបតីលោក Jovenel Moise ។ ប្រភពព័ត៌មានបាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានបាញ់សម្លាប់លោកប្រធានាធិបតីនៅម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃពុធ នៅឯក្នុងផ្ទះរបស់គាត់ផ្ទាល់ នៅជាយរដ្ឋធានី Port-au-Prince ។ សាក្សីបាននិយាយថា ខ្មាន់កាំភ្លើងបានបន្តបាញ់ប្រហារអស់រយៈពេលកន្លះម៉ោង ដើម្បីសម្លាប់លោក Moise ហើយប្រពន្ធរបស់គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីនោះ។

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Claude Joseph បាននិយាយថា អ្នកបាញ់លោក Moise មួយចំនួននិយាយភាសាអេស្ប៉ាញ និងអង់គ្លេស ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតច្រើនជាងនេះទេ។

គួរឱ្យដឹងដែរថា លោក Jovenel Moise បានកាន់តំណែងពីឆ្នាំ២០១៧ ប៉ុន្តែលោកចង់កាន់អំណាចឱ្យបានយូរជាងនេះ បន្ទាប់ពីអ្នកជំនាញផ្នែកច្បាប់បាននិយាយថា អាណត្តិរបស់លោកបានអស់សុពលភាព ខណៈក្រុមអ្នកតវ៉ាក៏បានទាមទារឱ្យមានការដកលោកចេញអស់រយៈពេលជាច្រើនខែមកហើយដែរ។ ប្រទេសនេះក៏មិនមានសន្តិសុខល្អនោះដែរ ដោយសារក្រុមប្រដាប់អាវុធបានកាន់កាប់តំបន់មួយចំនួននៅក្នុងរដ្ឋធានី ហើយភាគច្រើននៃពលរដ្ឋហៃទីមានចំណូលតែ ២ ដុល្លារ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: