ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO និយាយថា ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta កំពុងឆ្លងរាលដាលនៅតាមប្រទេស និងតំបន់ជាង ១០០ ហើយនៅលើពិភពលោក

    BY autoadmin July 8, 2021
    WHO និយាយថា ជំងឺកូវីដ១៩ បំប្លែងខ្លួន Delta កំពុងឆ្លងរាលដាលនៅតាមប្រទេស និងតំបន់ជាង ១០០ ហើយនៅលើពិភពលោក

    អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺ COVID-19​ បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ឥឡូវនេះមានវត្តមាននៅក្នុងប្រទេស និងតំបន់ជាង ១០០ នៅលើពិភពលោកនេះ។ របាយការណ៍ចុងក្រោយដោយ WHO បាននិយាយថា គិតត្រឹមថ្ងៃអង្គារនេះ មានប្រទេស និងតំបន់ចំនួន ១០៤ បានបញ្ជាក់ពីវត្តមានរបស់ Delta ពោលគឺកើនឡើងចំនួន ៧ ប្រទេសនិងតំបន់ បើធៀបនឹងសប្តាហ៍មុន។ ជម្រាបផងដែរថា WHO ចាប់ផ្ដើមប្រកាសពីការកើនឡើងរបស់វ៉ារ្យ៉ង់នៃជំងឺ COVID-19 ចាប់តាំងពីខែមេសាឆ្នាំនេះតរៀងមក។

    គិតត្រឹមថ្ងៃទី២៧ ខែមេសា យ៉ាងហោចណាស់មានប្រទេសចំនួន ១៧ រួមទាំងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក បានរាយការណ៍ពីវត្តមានរបស់វ៉ារ្យ៉ង់ Delta ។ បន្ទាប់មកនៅចុងខែឧសភា មានប្រទេស និងតំបន់ចំនួន ៦០ ក៏បានរាយការណ៍ពីវា ហើយនៅចុងខែមិថុនា វាក៏បានកើនឡើងដល់ ៩៦ ប្រទេស និងតំបន់នៅទូទាំងពិភពលោក។ ចំណែកវ៉ារ្យ៉ង់ Alpha ដែលត្រូវបានរកឃើញដំបូងនៅអង់គ្លេស ពេលនេះមានវត្តមានក្នុងប្រទេស និងតំបន់ចំនួន ១៧៣ ហើយដែរ។

    ទន្ទឹមនឹងនេះគឺ Beta ដែលត្រូវបានរកឃើញជាលើកដំបូងនៅអាហ្វ្រិកខាងត្បូង បានកើនឡើងវត្តមានដល់ ១២២ តំបន់ និងប្រទេស ខណៈវ៉ារ្យ៉ង់ Gamma ដែលត្រូវបានបញ្ជាក់ដំបូងនៅក្នុងប្រទេសប្រេស៊ីល បានកើនវត្តមានដល់ ៧៤ តំបន់ និងប្រទេសផងដែរ។ WHO ក៏បានស្នើឱ្យប្រទេសនិងតំបន់នានា មានការរាយការណ៍ពីករណីទាំងអស់នេះ ដោយកត់សម្គាល់ថាការឆ្លងបានកើនឡើងខ្លាំងក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: