ក្រុមហ៊ុនឱសថ Pfizer / BioNTech គ្រោងនឹងធ្វើតេស្ដលើមនុស្ស សម្រាប់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ កំណែថ្មីចុងក្រោយរបស់ខ្លួន
- BY
- autoadmin
- July 10, 2021
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ពួកគេមានគម្រោងធ្វើតេស្តគ្លីនិកលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ជំនាន់ថ្មីរបស់ខ្លួន ដើម្បីលទ្ធភាពនៃការទប់ស្កាត់ការឆ្លងក្នុងស្ថានភាពធ្ងន់ធ្ងរ របស់ជំងឺ COVID-19 បំប្លែងខ្លួននៅប្រទេសឥណ្ឌា ឬហៅថាវ៉ារ្យ៉ង់ Delta ។ ក្រុមហ៊ុនទាំង ២ រំពឹងថា នឹងចាប់ផ្តើមការសិក្សាគ្លីនិកនៃកំណែថ្មីនេះនៅដើមខែសីហា ដោយអាស្រ័យលើការយល់ព្រមពីអាជ្ញាធរមានសមត្ថកិច្ច នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Times ។

ក្រុមហ៊ុនទាំង ២ ក៏បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តគ្លីនិកសម្រាប់វ៉ាក់សាំងបច្ចុប្បន្ន ដើម្បីវាយតម្លៃប្រសិទ្ធភាពរបស់ដូសទី៣ (booster) ដោយសារថាវ៉ាក់សាំងនេះហាក់ចុះថយប្រសិទ្ធភាពបន្ទាប់ពី ៦ខែ ក្រោយការចាក់ដូសទី២ ដូច្នេះសម្រាប់អ្នកចាក់វ៉ាក់សាំងជំនាន់មុន ពួកគេត្រូវការដូសទី៣ បន្ទាប់ពីនោះ។ ក្រុមហ៊ុននិយាយថា បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី៣ រយៈពេល ៦ខែ តម្លៃនៃការបន្សាបអង្គបដិប្រាណរបស់វ៉ាក់សាំង គឺខ្ពស់ជាងមុន ៥ ទៅ ១០ដង ប្រឆាំងនឹងវ៉ារ្យ៉ង់ Beta ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។
យ៉ាងណាក៏ដោយរដ្ឋបាលចំណីអាហារនិងឪសថ និងមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ខណៈពេលនេះជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងពេញលេញមិនត្រូវការវ៉ាក់សាំងទី៣ នោះទេ។ ដោយបានបន្ថែមថា ពួកគេនឹងរៀបចំវ៉ាក់សាំងទី៣ ប្រសិនបើវាចាំបាច់នៅពេលខាងមុខទៀត៕


អត្ថបទ៖ លីដា
ប្រភព៖ New York Times
- Share This Post:






