ថ្ងៃនេះ វៀតណាមទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna ចំនួន ២លានដូស តាមរយៈកម្មវិធី Covax
- BY
- autoadmin
- July 10, 2021
វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ២ លានដូស របស់ក្រុមហ៊ុន Moderna ដែលជាការឧបត្ថម្ភដោយសហរដ្ឋអាមេរិក តាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយហើយកាលពីព្រឹកថ្ងៃសៅរ៍នេះ។ វ៉ាក់សាំងទាំងនេះ គឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូស ដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។ ក្នុងនោះមានវ៉ាក់សាំងប្រហែលជា ៤១ លានដូស នឹងត្រូវចែកចាយតាមរយៈ Covax ខណៈវៀតណាមក៏ជាប្រទេសអាទិភាពក្នុងការទទួលបានវ៉ាក់សាំងនេះនៅក្នុងតំបន់។

កាលពីខែមុនរដ្ឋាភិបាលវៀតណាមបានអនុម័តការប្រើវ៉ាក់សាំង Moderna ដែលជាវ៉ាក់សាំងទី៥ បន្ទាប់ពី Sputnik V របស់ប្រទេសរុស្ស៊ី, វ៉ាក់សាំងរបសក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុន BioNTech របស់អាល្លឺម៉ង់, វ៉ាក់សាំងក្រុមហ៊ុន Sinopharm របស់ចិន និងវ៉ាក់សាំងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ។ វ៉ាក់សាំង Moderna ត្រូវបានបង្កើតឡើងដោយប្រើបច្ចេកវិទ្យា RNA, ឬ mRNA និងត្រូវចាក់ចំនួន ២ លើក។ មានប្រទេសនិងតំបន់ចំនួន ៥៣ បានប្រើប្រាស់វ៉ាក់សាំងនេះ បូករួមទាំង៖ សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប អ៊ីស្រាអែល និងសិង្ហបូរី ៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






