ប្រទេសជប៉ុននឹងដាក់ទីក្រុងតូក្យូចូលក្នុងភាពអាសន្នជាលើកទី៤ នៅថ្ងៃច័ន្ទនេះផ្ទាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
- BY
- autoadmin
- July 12, 2021
ប្រទេសជប៉ុននឹងដាក់ទីក្រុងតូក្យូចូលក្នុងស្ថានភាពអាសន្នជាលើកទី៤ ចាប់ពីថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ ដូច្នេះមានន័យថា នៅតាមបារ និងភោជនីយដ្ឋាន ត្រូវបានស្នើសុំមិនឱ្យមានការបម្រើជាគ្រឿងស្រវឹងនោះទេ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំក្នុងការទប់ស្កាត់ជំងឺ COVID-19 ។ រដ្ឋាភិបាលក៏បានពង្រីកស្ថានភាពអាសន្នសម្រាប់អាណាខេត្តអូគីណាវ៉ា និងបន្ថែមវិធានការប្រឆាំងនឹងជំងឺរាតត្បាតសម្រាប់អាណាខេត្តសៃតាម៉ា, ឈីបា និងកាណាហ្កាវ៉ា ក៏ដូចជាខេត្តអូសាកា។

ការប្រកាសអាសន្ន និងវិធានការប្រឆាំងនឹងជំងឺរាតត្បាត ត្រូវបានគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ឬរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ ការប្រកាសអាសន្ននេះនឹងត្រូវជាន់គ្នាជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ដូច្នេះវិធានការការពារជំងឺឆ្លងផ្សេងៗនឹងត្រូវអនុវត្តនៅក្នុងព្រឹត្តិការណ៍នេះ ដែលជាលទ្ធផលប្រទេសជប៉ុនបានសម្រេចចិត្តមិនឱ្យមានអ្នកចូលរួមទស្សនាព្រឹត្តិការណ៍នេះវិញ។
មន្ត្រីសុខភាពកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 ប្រភេទ Delta ហើយរដ្ឋាភិបាល ក៏បានសុំឱ្យពលរដ្ឋចូលរួមគោរពវិធានការការពារជំងឺឆ្លងទាំងអស់គ្នា។ ជាមួយគ្នានេះផងដែរ ប្រទេសជប៉ុនកំពុងមានកម្មវិធីចាក់វ៉ាក់សាំងបង្ការ ដើម្បីទប់ស្កាត់ការឆ្លងថ្មី ឬកាត់បន្ថយអត្រាអ្នកឈឺធ្ងន់ធ្ងរ ហើយប្រទេសនេះអាចនឹងដកការប្រកាសអាសន្នវិញប្រសិនបើស្ថានការណ៍ត្រឡប់ជាល្អមុនការគ្រោងទុក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






