អង់គ្លេសនឹងបញ្ចប់ការរឹតត្បឹតសម្រាប់ការទប់ស្កាត់ជំងឺកូវីដ១៩ នៅដើមសប្ដាហ៍ក្រោយនេះ
- BY
- autoadmin
- July 13, 2021
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានបញ្ជាក់ថា ការរឹតបន្តឹងដែលនៅសល់សម្រាប់ទប់ស្កាត់ជំងឺ COVID-19 នៅក្នុងប្រទេសអង់គ្លេស នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ លោក Johnson បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថា ការផ្លាស់ប្តូរនេះមានន័យថា អង់គ្លេសនឹងគ្មានច្បាប់តម្រូវឱ្យពាក់ម៉ាស់ គ្មានវិធានការណ៍រក្សាគម្លាត និងគ្មានការណែនាំឱ្យធ្វើការពីផ្ទះទៀតទេ។ លោកក៏បានលើកទឹកចិត្តដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច ដោយបាននិយាយថា វ៉ាក់សាំងកំពុងការពារពួកគេមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺ COVID-19 ៕

លោកបានទទូចថា ខណៈពេលដែលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់អាចនឹងមានការកើនឡើង វាទំនងជានឹងមានកម្រិតទាបជាងការឆ្លងអំឡុងពេលរដូវស្លឹកឈើជ្រុះលើកមុន។ លោក Johnson បានជំរុញឱ្យប្រជាជនធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងការទទួលខុសត្រូវផ្ទាល់ខ្លួន ព្រោះថាជំងឺ COVID-19 វាមិនទាន់បញ្ចប់ទៅវិញនោះទេ។ គាត់ក៏បាននិយាយដែរថា យើងមិនអាចធ្វើឱ្យជីវិតរស់នៅត្រឡប់ដូចពីមុនបានភ្លាមនោះទេ ទោះបីជាការរឹតត្បឹតត្រូវដកចេញឆាប់ៗនេះក៏ដោយ។ យ៉ាងណាក៏ដោយការដកចេញនេះ នៅតែមានមតិជាច្រើនមិនគាំទ្រឡើយ ដោយសារតែវាប្រឈមនឹងហានិភ័យខ្ពស់ ស្របពេលដែលជំងឺ COVID-19 ឥឡូវនេះមានការឆ្លងរាតត្បាតលឿនជាងមុន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






