អន្តរជាតិ

លោកយាយវ័យ៩០ឆ្នាំម្នាក់នៅប្រទេសបែលហ្ស៊ិក បានឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួន២ប្រភេទក្នុងពេលតែមួយ

BY
autoadmin
July 13, 2021

អ្នកជំនាញសុខភាពជាច្រើនកំពុងព្រមានពីហានិភ័យដ៏កម្រមួយ ដោយបានលើកឡើងថា មនុស្សអាចនឹងឆ្លងជំងឺ COVID-19 ប្រភេទផ្សេងគ្នានៅក្នុងពេលតែមួយបាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ជាក់ស្ដែងកាលពីខែមីនានៅឯប្រទេសបែលហ្ស៊ិក គឺមានលោកយាយវ័យ ៩០ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីគាត់បានឆ្លងជំងឺ COVID-19 ប្រភេទ Alpha ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេស និង Beta ដែលរកឃើញដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង។ ពោលគឺលោកយាយបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួនចំនួន ២ ក្នុងពេលតែមួយ ហើយករណីរបស់គាត់ក៏ត្រូវបានគេយកទៅពិភាក្សានៅសភាអ៊ឺរ៉ុបស្តីពីមីក្រូជីវវិទ្យានិងជំងឺឆ្លង ( European Congress on Clinical Microbiology & Infectious Diseases) ក្នុងឆ្នាំនេះផងដែរ។

អ្នកស្រីវេជ្ជបណ្ឌិត Anne Vankeerberghen នៅឯមន្ទីរពេទ្យ OLV របស់ក្រុង Aalst ដែលដឹកនាំស្រាវជ្រាវលើបញ្ហានេះបានសង្ស័យថា លោកយាយឆ្លងជំងឺ COVID-19 ពីមនុស្សផ្សេងគ្នាដែលបានឆ្លងវ៉ារ្យ៉ង់ខុសគ្នា ហើយជាលទ្ធផលលោកយាយបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួន ២ ប្រភេទក្នុងពេលតែមួយ។ ប្រភពព័ត៌មាននិយាយថា លោកយាយបានដួលជាច្រើនដងមុនពេលត្រូវបានគេបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយក្រោយមកបញ្ហាដង្ហើមរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ យ៉ាងណាក៏ដោយរហូតមកទល់ពេលនេះ អ្នកជំនាញនៅតែពិបាកក្នុងការបកស្រាយពីបញ្ហារបស់លោកយាយ ហើយពួកគេត្រូវការការសិក្សាជាច្រើនបន្ថែមទៀត។

មិនត្រឹមតែករណីរបស់លោកយាយម្នាក់ទេ កាលពីខែមករា ឆ្នាំ២០២១ អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល ក៏បានរាយការណ៍ថា មានមនុស្ស ២នាក់ បានឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ ២ ប្រភេទ ក្នុងពេលដំណាលគ្នា ហើយ ១ ក្នុងចំណោមនោះ គឺជាវ៉ារ្យ៉ង់ Gamma ។ ចំណែកឯនៅព័រទុយហ្កាល់ ពួកគេក៏បានរកឃើញករណីក្មេងជំទង់អាយុ ១៧ ឆ្នាំម្នាក់ ដែលកំពុងព្យាបាលជំងឺ COVID-19 ជិតជាសះស្បើយទៅហើយ ប៉ុន្តែបានឆ្លងជំងឺ COVID-19 បំប្លែងខ្លួនប្រភេទផ្សេងមួយទៀត។ ទាំងអស់នេះហើយគឺជាបញ្ហាមួយចំនួនដែលធ្វើឱ្យអ្នកជំនាញងងឹតមុខ ហើយព្យាយាមដាស់តឿនពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នជាមួយជំងឺ COVID-19 ជានិច្ច៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: