សារព័ត៌មានរ៉យទ័រ៖ ការចាក់លាយគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca របស់ប្រទេសថៃគឺគ្មានការស្រាវជ្រាវច្បាស់លាស់ទេ
- BY
- autoadmin
- July 14, 2021
កាលពីពេលថ្មីៗនេះរដ្ឋាភិបាលថៃបានប្រកាសថា ខ្លួននឹងធ្វើការកែសម្រួលផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac សម្រាប់ការចាក់លើកទី១ និងវ៉ាក់សាំងក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សម្រាប់ការចាក់លើកទី២។ ក្នុងនោះផងដែរ លោក Yong Poovorawan អ្នកជំនាញខាងជំងឺឆ្លងមកពីសកលវិទ្យាល័យជូឡាឡុងកន ក៏បានបញ្ជាក់ដែរថា គិតមកទល់ពេលនេះមានពលរដ្ឋយ៉ាងហោចណាស់ ១,២០០ នាក់ បានទទួលការចាក់វ៉ាក់សាំងឆ្លាស់គ្នាបែបនេះ ហើយមូលហេតុចម្បងរបស់ពួកគេ គឺដោយសារតែប្រតិកម្មនឹងការចាក់ដូសទី១ ប៉ុណ្ណោះ។

ការចាក់លាយឆ្លាស់គ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca របស់ប្រទេសថៃ ក៏ទំនងជាទើបតែមានដំបូងនៅលើពិភពលោកនេះដែរ បើទោះបីជាមានប្រទេសជាច្រើនកំពុងជ្រើសយកវិធីស្រដៀងគ្នានេះ ខណៈដែលសារព័ត៌មាន រ៉យទ័រ បាននិយាយថា បច្ចុប្បន្ននេះវានៅមិនទាន់មានការសិក្សាច្បាស់លាស់ ឬមានការសិក្សាពិសេសណាមួយលើការលាយបញ្ចូលគ្នាទេ។ ប្រការនេះក៏កំពុងធ្វើឱ្យមានការរិះគន់ពីពលរដ្ឋមួយចំនួនផងដែរ ដោយខ្លះបាននិយាយថា «ពួកគេមិនមែនជាកណ្ដុរសម្រាប់ពិសោធន៍នោះទេ!» ហើយខ្លះទៀតបានលើកឡើងថា «វាដូចជាការលើងសើចជាមួយជីវិតពលរដ្ឋ»។
ចំពោះបញ្ហានេះផងដែរ ក្រុមហ៊ុនឱសថចិន Sinovac មិនបានធ្វើការអធិប្បាយលើការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេសថៃនោះទេ ហើយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca ឯណោះវិញ ក៏បានត្រឹមតែនិយាយថា គោលនយោបាលវ៉ាក់សាំង គឺនឹងអនុវត្តតាមការសម្រេចចិត្តរបស់ប្រទេសដែលជាអ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ គិតមកដល់ពេលនេះគេក៏នៅមិនទាន់រកឃើញរបាយការណ៍ណាមួយ ដែលទាក់ទងនឹងប្រតិកម្មអាក្រក់បន្ទាប់ពីការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






