កោះចំនួន ៣ បន្ថែមទៀតរបស់ប្រទេសថៃ បានចាប់បើកឱ្យភ្ញៀវទេសចរចូលកម្សាន្ដ បើទោះបីជាប្រទេសនេះរងការយាយីពីជំងឺកូវីដ១៩ ខ្លាំងក៏ដោយ
- BY
- autoadmin
- July 15, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសថៃបានបើកទ្វារកោះកម្សាន្តចំនួន ៣ បន្ថែមទៀត ជូនដល់ទេសចរបរទេស (បានចាក់វ៉ាក់សាំងរួច) នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដានេះ បើទោះបីជាប្រទេសខ្លួនមានការកើនឡើងទប់មិនឈ្នះពីជំងឺ COVID-19 ពិសេសគឺវ៉ារ្យ៉ង់ Delta ក៏ដោយ។ កោះទាំង ៣ ដែលបានបើកទ្វារមានដូចជា៖ កោះសាមុយ កោះតាវ និងផាងាន ដែលជាផ្នែកមួយនៃការជំរុញវិស័យទេសចរណ៍ ឱ្យមានការងើបរីកដុះដាលឡើងវិញ។

រំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែកក្កដា កន្លងទៅ ប្រទេសថៃបានបើកទ្វារកោះភូកេតឱ្យមានទេសចរបរទេសចូលកម្សាន្ដឡើងវិញ ដែលជាផ្នែកមួយនៃកម្មវិធិ «sandbox» របស់ខ្លួន ។ មានន័យថា ភ្ញៀវទេសចរមិនចាំបាច់ធ្វើចត្តាឡីស័កអ្វីឡើយពេលទៅដល់ភូកេត ប៉ុន្តែត្រូវនៅលើកោះតែម្យ៉ាងរហូតដល់ ២ សប្ដាហ៍។
ចំណែកនៅក្រោមការសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ ភ្ញៀវទេសចរត្រូវតែស្នាក់នៅសណ្ឋាគារដែលបានយល់ព្រមនៅកោះសាមុយរយៈពេលមួយសប្តាហ៍ ហើយអាចចាកចេញពីកន្លែងស្នាក់នៅរបស់ពួកគេនៅថ្ងៃទី៤។ ពួកគេត្រូវតែតេស្តអវិជ្ជមានជំងឺ COVID-19 មុនអនុញ្ញាតឱ្យទៅកម្សាន្ដបន្តនៅកោះតៅ ឬផាងាន បន្ទាប់ពីសប្តាហ៍ដំបូងរបស់ពួកគេ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






