អន្តរជាតិ

វៀតណាមបានអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson ដែលជាវ៉ាក់សាំងចាក់តែ១លើក សម្រាប់ស្ថានភាពបន្ទាន់

BY
autoadmin
July 16, 2021

ក្រុមហ៊ុន Johnson & Johnson (J&J) នៅប្រទេសវៀតណាម ធ្លាប់បានស្នើសុំការអនុម័តលើវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនកាលពីដើមខែនេះ ជាមួយនឹងការផ្តល់ទិន្នន័យស្តីពីសុវត្ថិភាពគុណភាព និងប្រសិទ្ធភាពរបស់វា។ ដូច្នេះដោយផ្អែកទៅលើទិន្នន័យសុវត្ថិភាព និងគុណភាពរបស់វ៉ាក់សាំង អាជ្ញាធរវៀតណាមក៏បានសម្រេចចិត្តឱ្យមានការប្រើប្រាស់វ៉ាក់សាំងនេះសម្រាប់ស្ថានភាពបន្ទាន់។ នេះជាវ៉ាក់សាំងទី៦ ដែលបានអនុម័តនៅប្រទេសវៀតណាម ខណៈ ៥ ផ្សេងទៀតគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca, Sputnik-V, Pfizer, Moderna និង Sinopharm ។

វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson មានភាពខុសប្លែកពីវ៉ាក់សាំងដទៃទៀត ដោយសារតែវាត្រូវការចាក់តែមួយលើកប៉ុណ្ណោះ ខណៈដែលវ៉ាក់សាំងផ្សេងត្រូវចាក់ ២ លើក។ ការសាកល្បងគ្លីនិកនៅជុំវិញពិភពលោករបស់ J&J ជាមួយអ្នកស្ម័គ្រចិត្តចំនួន ៤៤,០០០ នាក់ ក៏បានបង្ហាញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៦៦% ហើយវាត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ១២ ខែមីនា និងអាចរកបាននៅទូទាំងប្រទេស និងដែនដីចំនួន ២៤ នៅលើពិភពលោកនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: