អន្តរជាតិ

ប្រទេសម៉ាឡេស៊ីបានផ្តល់ការយល់ព្រមលើការប្រើប្រាស់ជាបន្ទាន់ ចំពោះវ៉ាក់សាំង Sinopharm និង Johnson & Johnson

BY
autoadmin
July 17, 2021

ក្រសួងសុខាភិបាលប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ បាននិយាយថា ខ្លួនបានផ្តល់ការយល់ព្រមសម្រាប់ការប្រើប្រាស់ជាបន្ទាន់ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ប្រទេសចិន។ អគ្គនាយករងផ្នែកសុខភាពលោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំង Sinopharm នៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានចុះបញ្ជីដោយក្រុមហ៊ុនឱសថ Duopharma ហើយក្រុមហ៊ុននេះនឹងត្រូវទទួលបន្ទុកផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់ប្រទេសម៉ាឡេស៊ី។

ជម្រាបជូនដែរថា កន្លងមកក្រុមហ៊ុន Duopharma បានប្រកាសពីកិច្ចព្រមព្រៀងក្នុងការផ្គត់ផ្គង់រដ្ឋាភិបាលម៉ាឡេស៊ីនូវវ៉ាក់សាំង Sputnik V ដែលផលិតនៅប្រទេសរុស្ស៊ីចំនួន ៦.៤ លានដូស។ ប៉ុន្តែយ៉ាងណា ក្រុមហ៊ុនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនចិន Sinopharm នៅឡើយទេ។

លោកវេជ្ជបណ្ឌិត Noor Hisham បាននិយាយដែរថា អាជ្ញាធរបានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌចំពោះវ៉ាក់សាំង Janssen ដែលផលិតដោយក្រុមហ៊ុនឱសថអាមេរិក Johnson & Johnson និងផលិតនៅក្នុងប្រទេសបែលហ្ស៊ិក។ ហើយមុននេះ ប្រទេសម៉ាឡេស៊ីក៏បានអនុម័តវ៉ាក់សាំង Janssen បាច់មួយផ្សេងទៀត (batch) ដែលត្រូវបានផ្តល់ភ្លើងបៃតងសម្រាប់ការប្រើប្រាស់ជាបន្ទាន់ដោយអង្គការសុខភាពពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: