អន្តរជាតិ

អគ្គីភ័យដ៏ធំសម្បើមមួយនៅរដ្ឋ Oregon របស់សហរដ្ឋអាមេរិក បានដុតបំផ្លាញផ្ទៃដីអស់ ៣០ ម៉ឺនអាក្រេ និងធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន

BY
autoadmin
July 20, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា អគ្គីភ័យឆេះព្រៃដ៏ធំសម្បើមមួយនៅក្នុងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក បានបំផ្លាញផ្ទៃដីអស់ ៣០០,០០០ អាក្រេ ខណៈអ្នកពន្លត់អគ្គីភ័យច្រើនជាង ២,០០០ នាក់ ត្រូវបានគេដាក់ពង្រាយ ហើយពលរដ្ឋដែលនៅតំបន់រងគ្រោះត្រូវបានប្រកាសឱ្យធ្វើការជម្លៀសចេញ។ ភ្លើងឆេះព្រៃនេះបានចាប់ផ្ដើមតាំងតែពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ហើយវាបានឆាបឆេះក្នុងទំហំធំជាងទីក្រុង Los Angeles ទៅទៀត។

វាជាអគ្គីភ័យ ១ ក្នុងចំណោមអគ្គីភ័យធំៗជាង ៨០ ដែលកំពុងឆាបឆេះទូទាំងរដ្ឋចំនួន ១៣ របស់សហរដ្ឋអាមេរិក ដែលកើតឡើងដោយសាររលកកម្តៅ និងខ្យល់បក់ខ្លាំង។ អគ្គីភ័យនេះត្រូវបានគេហៅថា «Bootleg Fire» ហើយវាបានបង្ខំឱ្យប្រជាជនយ៉ាងតិច ២,០០០ នាក់ ត្រូវបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ។ គិតមកដល់ពេលនេះ មានផ្ទះ និងអគារចំនួន ១៦០ ត្រូវបានបំផ្លាញ ហើយអគ្គីភ័យទើបតែគ្រប់គ្រងបាន ១ ភាគ ៤ ប៉ុណ្ណោះ។ ឥឡូវនេះ មជ្ឈមណ្ឌលជម្លៀសចំនួន ២ ត្រូវដំឡើងសម្រាប់អ្នករស់នៅក្នុងទីក្រុងមួយចំនួន រួមមាន Klamath Falls និង Redmond ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: