អន្តរជាតិ

ប្រទេសវៀតណាមកំពុងធ្វើតេស្ដសាកល្បងដំណាក់កាលទី៣ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះថា Nano Covax ដែលខ្លួនបានបង្កើតឡើង

BY
autoadmin
July 20, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសវៀតណាម គឺ Nano Covax កំពុងឈានដល់ការសាកល្បងលើមនុស្សដំណាក់កាលទី៣ ហើយក៏មានអ្នកស្ម័គ្រចិត្តជាង ១,០០០ នាក់ រួចមកហើយ ដែលបានទៅទទួលវ៉ាក់សាំងសាកល្បងដូសទី២ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធានៃក្រសួងការពារជាតិ កាលពីថ្ងៃច័ន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ ជាមួយគ្នានេះអ្នកស្ម័គ្រចិត្តច្រើនជាង ១២,០០០ នាក់ផ្សេងទៀត នឹងត្រូវទៅទទួលវ៉ាក់សាំងដូសទី២ ចាប់ពីថ្ងៃទី២៦ ខែកក្កដា ហើយពួកគេនឹងត្រូវរាយការណ៍ពីសុខភាពបន្ទាប់ពីការចាក់វ៉ាកសាំងរួចផងដែរ។

ក្នុងនោះ អ្នកស្ម័គ្រចិត្តទាំងអស់ត្រូវបានគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងពេញលេញដោយការចាក់ចំនួន ២លើក នៅត្រឹមពាក់កណ្តាលខែសីហាខាងមុខនេះ។ ជម្រាបដែរថា Nano Covax ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Nanogen Pharmaceutical Biotechnology JSC ផ្អែកលើបច្ចេកវិទ្យាបន្សំ DNA/ប្រូតេអ៊ីន។ វ៉ាក់សាំងបានឆ្លងកាត់ការសាកល្បងដំណាក់កាលដំបូង ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ និងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១ ហើយចំណែកដំណាក់កាលទី៣ បានចាប់ផ្តើមចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១។ លទ្ធផលពីដំណាក់កាលសាកល្បងលើកទី១ និងទី២ បានបង្ហាញថា អ្នកស្ម័គ្រចិត្តទាំងអស់បានបង្កើតអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2 (COVID-19) ប៉ុន្តែមិនមានរបាយការណ៍លម្អិតពីការសាកល្បងនោះនៅឡើយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Vietnam Insider

Share This Post: