ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិនបានដាក់បង្ហាញរថភ្លើងមួយដែលលឿនជាងគេក្នុងពិភពលោក ជាមួយនឹងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង

    BY autoadmin July 20, 2021
    ប្រទេសចិនបានដាក់បង្ហាញរថភ្លើងមួយដែលលឿនជាងគេក្នុងពិភពលោក ជាមួយនឹងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសចិនបានដាក់បង្ហាញរថភ្លើងមួយប្រភេទ ដែលមានកម្លាំងល្បឿនរហូតដល់ទៅ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ នេះផ្ទាល់ ហើយវាត្រូវបានគេនិយាយថា ជារថភ្លើងប្រភេទ Maglev ដែលមានល្បឿនលឿនជាងគេបង្អស់ក្នុងពិភពលោកនេះ។ រថភ្លើង Maglev គឺបង្កើតឡើងដោយប្រទេសចិនផ្ទាល់តែម្ដង និងត្រូវបានផលិតនៅក្នុងទីក្រុង Qingdao ដែលជាទីក្រុងមួយនៅក្បែរឆ្នេរសមុទ្រលឿងរបស់ប្រទេសចិន។

    នៅក្នុងល្បឿន ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោងបែបនេះ រថភ្លើងនឹងចំណាយពេលត្រឹមតែ ២.៥ ម៉ោងប៉ុណ្ណោះ ក្នុងការធ្វើដំណើរពីទីក្រុងប៉េកាំង ទៅក្រុងស៊ាងហៃ។ បើប្រៀបធៀបការធ្វើដំណើរធម្មតាផ្សេងទៀត វានឹងត្រូវចំណាយពេល ៣ម៉ោង តាមយន្តហោះ និង ៥.៥ ម៉ោង ដោយរថភ្លើងល្បឿនលឿនប្រភេទផ្សេង។ បណ្តាប្រទេសចាប់ពីជប៉ុនទៅដល់ប្រទេសអាល្លឺម៉ង់ ក៏កំពុងសម្លឹងមើលបណ្ដារថភ្លើងប្រភេទនេះដែរ បើទោះបីជាវាមានការចំណាយខ្ពស់ និងភាពមិនស៊ីគ្នាជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកបច្ចុប្បន្នក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: