ប្រទេសឥណ្ឌាកត់ត្រាជំងឺផ្សិតខ្មៅ ឬ Black fungus ច្រើនជាង ៤៥,០០០ ករណី ក្នុងរយៈពេល ២ ខែកន្លងមកនេះ ហើយភាគច្រើនគឺកើតលើអ្នកជំងឺកូវីដ១៩
- BY
- autoadmin
- July 22, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺផ្សិតខ្មៅ ឬ «Black fungus» ច្រើនជាង ៤៥,០០០ ករណី ក្នុងរយៈពេល ២ខែ កន្លងមកនេះ ហើយក៏មានមនុស្សច្រើនជាង ៤,២០០ នាក់ រួចមកហើយ ដែលបានស្លាប់ដោយសារជំងឺនេះ ខណៈដែលទូទាំងប្រទេសផ្ទាល់កំពុងប្រឈមនឹងជំងឺ COVID-19 ដែលបានវាយប្រហារទៅគ្រប់ទីកន្លែង។ ការពិតទៅជំងឺនេះធ្លាប់ត្រូវបានគេហៅថាជាជំងឺកម្រមួយ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្ដូរនៅពេលដែលជំងឺនេះ បានចម្លងទៅដល់ពលរដ្ឋដែលកំពុងព្យាបាលជំងឺ COVID-19 យ៉ាងចម្លែកបំផុត។

ជំងឺផ្សិតខ្មៅនេះមានភាពសាហាវខ្លាំងណាស់ និងមានហានិភ័យស្លាប់រហូតដល់ទៅ ៥០% ហើយមានពេលខ្លះ គ្រូពេទ្យត្រូវបង្ខំចិត្តវះកាត់ភ្នែករបស់អ្នកជំងឺភ្លាមៗទៀតផង។ កន្លងមកប្រទេសឥណ្ឌាមានករណីជំងឺផ្សិតខ្មៅជាមធ្យម ២០ ករណី ក្នុងរយៈពេលមួយឆ្នាំ ប៉ុន្តែក្នុងប៉ុន្មានខែកន្លងមកនេះ ករណីរបស់វាមានការកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់។ អ្នកជំនាញខ្លះបាននិយាយថា ការផ្ទុះឡើងនៃជំងឺផ្សិតខ្មៅនេះគឺប្រហែលជាមកពីការប្រើថ្នាំស្តេរ៉ូអ៊ីត សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ប៉ុន្តែវានៅមិនទាន់មានការអះអាងច្បាស់លាស់នៅឡើយទេ។ ចំណែករដ្ឋាភិបាលឥណ្ឌាក៏បានប្រកាសជំងឺនេះថា ជាការរាតត្បាតក្នុងស្រុក (epidemic) កាលពីក្នុងខែឧសភាផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






