ទីក្រុងឌូបៃបានបង្កើតភ្លៀងសិប្បនិមិត្តដោយជោគជ័យ ដើម្បីប្រឆាំងនឹងអាកាសធាតុដ៏ក្ដៅហួតហែងរបស់ទីក្រុង
- BY
- autoadmin
- July 24, 2021
ទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួម បានបង្កើតភ្លៀងសិប្បនិមិត្តដោយជោគជ័យ ដើម្បីដោះស្រាយសីតុណ្ហភាពដ៏ក្ដៅរបស់ទីក្រុង។ ជាធម្មតាប្រទេសនេះមានភ្លៀងជាមធ្យមតែ ៤ អ៊ីញ នៃកម្ពស់ទឹកភ្លៀងប៉ុណ្ណោះ ហើយសីតុណ្ហភាពវិញមានពេលខ្លះឡើងដល់ ៥០ អង្សាសេឯណោះ។ ដូច្នេះវាពិតជាពិបាកស្រមៃថា សីតុណ្ហភាពរបស់ប្រទេសនេះក្ដៅបែបណាខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសអារ៉ាប់រួមបានផ្តល់ថវិកាដល់គម្រោងមួយ ដែលប្រើប្រាស់ដ្រូនធ្វើឱ្យមានបន្ទុកអគ្គីសនីនៅក្នុងពពក ហើយក្រោយមកវានឹងបង្កើតជាតំណត់ទឹកឱ្យបានច្រើន ហើយតំណក់ទឹកនឹងធ្លាក់ចុះមកដីដូចជាភ្លៀងធម្មតា។ បច្ចេកវិទ្យានេះគឺមិនបានប្រើប្រាស់ថ្នាំគីមីអ្វីនោះទេ ហើយការអនុវត្តនៅក្នុងទីក្រុងឌូបៃក៏បានទទួលជោគជ័យរួចហើយដែរ។

វីដេអូជាច្រើនត្រូវបានចែករំលែកនៅលើបណ្ដាញ Instagram ផ្លូវការរបស់ UAE Weather ដើម្បីបង្ហាញពីភាពជោគជ័យរបស់ដ្រូន ហើយក្រឡេកមើលមួយភ្លែត អ្នកនឹងមិនគិតថាវីដេអូនោះត្រូវបានថតនៅក្នុងទីក្រុងឌូបៃទេ។ ដ្រូនសម្រាប់បង្កើតទឹកភ្លៀងបានដំណើរការយ៉ាងល្អ ហើយការព្រមានអំពីអាកាសធាតុក៏ត្រូវបានចេញផ្សាយនៅផ្នែកខ្លះរបស់ប្រទេស។ ភ្លៀងនៅទីតាំងខ្លះបានបន្ដដល់ថ្ងៃអាទិត្យសប្ដាហ៍មុន ហើយដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេក អ្នកបើកបរត្រូវបានគេព្រមានអោយប្រយ័ត្នប្រយែងចំពោះផ្លូវរអិលផងដែរ។ ប្រទេសអារ៉ាប់រួមសង្ឃឹមថា វិធីនេះនឹងធ្វើឱ្យប្រទេសរបស់ខ្លួនចុះត្រជាក់បាន ប៉ុន្តែការបារម្ភក៏មានជាមួយគ្នាផងដែរ ដោយសារភ្លៀងខ្លាំងពេកវានឹងធ្វើឱ្យមានទឹកជំនន់នៅកន្លែងខ្លះ៕
View this post on Instagram


អត្ថបទ៖ លីដា
ប្រភព៖ Unilad , Independent
- Share This Post:






