ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទៅអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងបង្ការថា «តើសេរីភាពមានន័យអ្វី បើអ្នកនឹងចម្លងជំងឺទៅគ្រួសារ និងខ្លួនឯង?»
- BY
- autoadmin
- July 26, 2021
ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យបាននិយាយថា ការបដិសេធមិនទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺ COVID-19 មិនមែនជា “សេរីភាពទេ” ពីព្រោះក្រុមអ្នកប្រឆាំងនឹងការចាក់វ៉ាក់សាំងបានធ្វើឱ្យមានការឆ្លង និងសម្លាប់អ្នកដទៃទៀត តាមរយៈភាពមិនទទួលខុសត្រូវ និងគិតតែប្រយោជន៍ខ្លួនឯងរបស់ពួកគេ។ ថ្លែងនៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ប៉ូលីនេស៊ីបារាំង លោក Macron បាននិយាយថា៖«មនុស្សគ្រប់គ្នាមានសេរីភាពក្នុងការបញ្ចេញមតិរៀងខ្លួន តែវាគ្មានសេរីភាពណា ដែលខ្ញុំនឹងមិនជំពាក់នរណាម្នាក់ផ្សេងទៀតនោះទេ»។ លោកបានបន្ថែមថា៖ «តើសេរីភាពមានន័យអ្វី ប្រសិនបើអ្នកនិយាយមកខ្ញុំថា “ខ្ញុំមិនចង់ចាក់វ៉ាក់សាំងទេ” ប៉ុន្តែថ្ងៃស្អែកឡើងអ្នកចម្លងជំងឺទៅឪពុកម្តាយអ្នក ឬខ្លួនអ្នកផ្ទាល់?»

លោកបាននិយាយទៀតថា៖«នេះមិនមែនជាសេរីភាពទេ វាជាភាពគ្មានទំនួលខុសត្រូវ និងការគិតតែពីប្រយោជន៍ខ្លួនឯង»។ លោក Macron និយាយថា សេរីភាពគឺអាស្រ័យលើស្មារតីនៃកាតព្វកិច្ចទៅវិញទៅមក មិនមែនភាពអាត្មានិយមរបស់បុគ្គលនោះទេ។ គួរឱ្យដឹងដែរថាមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសបារាំង បានតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការណែនាំលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងរួច និងច្បាប់ចាក់វ៉ាក់សាំងចាំបាច់សម្រាប់វិជ្ជាជីវៈមួយចំនួននៅចុងសប្តាហ៍នេះ។ ប្រសិនបើពលរដ្ឋគ្មានលិខិតឆ្លងដែននេះទេ ឬគ្មានការធ្វើតេស្តអវិជ្ជមាននាពេលថ្មីៗនេះទេ ពួកគេមិនអាចចូលភោជនីយដ្ឋាន បារ សារមន្ទីរ និងកន្លែងច្រើនទៀតឡើយ។ ការតវ៉ាទ្រង់ទ្រាយធំស្រដៀងគ្នាប្រឆាំងនឹងលិខិតឆ្លងដែនវ៉ាក់សាំង និងការរឹតត្បិត បិទខ្ទប់ ក៏ត្រូវបានធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស អ៊ីតាលី និងអូស្ត្រាលីផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






