អន្តរជាតិ

មេដាយសម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះនៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ធ្វើឡើងចេញពីកាកសំណល់កែច្នៃអេឡិចត្រូនិកទាំងអស់

BY
autoadmin
July 27, 2021

ដូចយើងបានដឹងរួចមកហើយថា ប្រទេសជប៉ុនកំពុងតែធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍នេះដើមឡើយត្រូវធ្វើឡើងកាលពីឆ្នាំមុន ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺ COVID-19 វាក៏ត្រូវបានពន្យារពេលមកធ្វើនៅក្នុងឆ្នាំ២០២១ នេះវិញ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺមេដាយទាំងអស់ សម្រាប់ផ្ដល់ជូនកីឡាករដែលឈ្នះ នៅក្នុងការប្រកួតលើកនេះ គឺធ្វើឡើងដោយសំណល់កែច្នៃអេឡិចត្រូនិកដូចជា៖ ស្មាតហ្វូន និងកុំព្យូទ័រយួរដៃជាដើម។

ទម្រាំប្រមូលបានកាកសំណល់អេឡិចត្រូនិក ដើម្បីមកផលិតចេញជាមេដាយទាំងអស់ចំនួន ៥,០០០ មានប្រជាជនជប៉ុនមកពីតំបន់ច្រើនជាង ១,៦០០ តំបន់ បានចំណាយពេលរបស់ពួកគេរយៈពេល ២ឆ្នាំ ដើម្បីចូលរួមប្រមូលសំណល់ទាំងនោះ។ ពួកគេបានដំឡើងជាទីតាំងផ្សេងៗគ្នា ដើម្បីឱ្យពលរដ្ឋអាចចូលរួមបរិច្ចាគគ្រឿងអេឡិចត្រូនិកចាស់ៗបានទាំងអស់គ្នា។ បន្ទាប់ពីយុទ្ធនាការប្រមូលសំណល់អេឡិចត្រូនិកបានបញ្ចប់ទៅវិញ ពួកគេក៏អាចកែច្នៃសំណល់ទាំងនោះសម្រាប់មេដាយមាសបាន ៣២គីឡូក្រាម, មេដាយប្រាក់ ៣៥០០ គីឡូក្រាម និងមេដាយសំរិទ្ធ ២២០០ គីឡូក្រាម៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: