នគរបាលខណ្ឌដូនពេញ បង្ហាញមុខជនសង្ស័យ ៦នាក់ ទាំងអ្នកលួច និងអ្នកទទួលផលចោរកម្ម ធ្វើសកម្មលួចស្លាកលេខរថយន្តរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃនេះផងដែរ។

លោកវរសេនីយ៍ទោ អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់។ លោកវរសេនីយ៍ទោ បានបញ្ជាក់ថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បីឥណ្ឌា (passapp) ពណ៌លឿង បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌា ១គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។
ក្រោយការសាកសួរមន្រ្តីនគរបាលជំនាញបានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣ទៀត ដែលជាអ្នកសមគំនិតលួច និងអ្នកលួច រួចបន្តស្រាវជ្រាវរហូតឃាត់បានម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កោ ខណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕








ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police