វត្ថុបុរាណខ្មែរ ជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ដែលបានបាត់បង់ ត្រូវបានបញ្ជូនពីប្រទេសអង់គ្លេស ត្រឡប់មកកម្ពុជាវិញ
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបញ្ជូនវត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។
ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្មព្រះសិវស្កន្ធ (ព្រះឥសូរនិងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ, បដិមាថ្មព្រះអឌ្ឍនារីស្ទរៈ (ព្រះឥសូរនិងនាងឧមា) និងកន្សៃទូកសំរឹទ្ធ បានបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជានៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សំអាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕
