រៀនធ្វើម្ហូប
[ទំព័រម្ហូប] ឆាត្រពាំងទ្រូងមាន់ពិសេស មីនុយថ្មីពី Food Mention សម្រាប់អ្នកចង់សម្រកទំងន់ រសជាតិនិយាយពីថាឆ្ងាញ់ប្លែកមាត់តែម្តង
BY Liny Chan
October 1, 2021
សួស្តីអ្នកទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទានត្រពាំងថ្ងៃនេះដែរយើងមានរូបមន្ត ឆាត្រពាំងសាច់ទ្រូងមាន់បែបថៃមកផ្ញើ ទទួលទានជាមួយបាយសរក្តៅៗនិយាយពីថាឆ្ងាញ់ប្លែកមាត់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- សាច់ទ្រូងមាន់ ២២០ក្រាម
- ជ្រក់ត្រពាំង ១២០ក្រាម
- ម្ទេសស្រស់ ១២គ្រាប់
- ខ្ទឹមស ១៥គ្រាប់
- ស្ករត្នោត 1/4 ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវសៀង ២ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ៤សន្លឹក
- ម្ទេសប្លោកវែងពណ៍ក្រហម ៣គ្រាប់
*វិធីធ្វើ
- យកខ្ទឹមស ម្ទេសស្រស់ បុកចូលគ្នាអោយម៉ត់ល្អ ក្រោយមក ចាក់ប្រេងឆាចូលខ្ទះរងចាំអោយខ្ទះក្តៅ រួចដាក់ខ្ទឹមសនិងម្ទេសបុកចូលទៅលីងអោយឈ្ងុយ ក្រោយមកទៀត ចាក់សាច់ទ្រូងមាន់ដែលយើងហាន់រួចចូលទៅឆា នៅពេលដែលសាច់មាន់ជិតឆ្អិនហើយ ដាក់ជ្រលក់ត្រពាំងចូលទៅឆាអោយចូលគ្នា ឆារហូតទាល់តែឆ្អិនល្អ រួចហែកស្លឹកក្រូចដាក់ចូលទៅ ផ្សំរសជាតិដោយ ស្ករត្នោត ទឹកស៊ីអ៊ីវសៀង ឆាអោយចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្ត និងជាចុងក្រោយដាក់ម្ទេសប្លោកហាន់រួចចូលទៅ ឆាមួយត្រឡប់ដួសដាក់ចានជាការស្រេច។

