ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ លើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩គ្រឿង ដែលត្រូវបានឃាត់ទុកកន្លងមក ដោយម្ចាស់យានយន្តអាចមកទទួលវិញបានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា

    BY Khmernote Media October 1, 2021
    ក្រសួងសាធារណការ លើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩គ្រឿង ដែលត្រូវបានឃាត់ទុកកន្លងមក ដោយម្ចាស់យានយន្តអាចមកទទួលវិញបានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានសេចក្តីជូនដំណឹង ស្តីពីការលើកលែងបន្ធូរបន្ថយយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៩ គ្រឿង ដែលត្រូវបានឃាត់ទុកនាពេលកន្លងមក ដោយមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវមកទទួលយានយន្តចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ លើកលែងថ្ងៃទី ០៥-០៦ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។

    ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំកែសម្រួលដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយបានបើកឲ្យដំណើរការឡើងវិញនូវសាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច សង្គម ជាពិសេសការគាំទ្រដល់ការរស់នៅឡើងវិញរបស់វិស័យឯកជន និងបានលើកលែងបន្ធូរបន្ថយក៏ដូចជា ផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលមន្ត្រីមានសមត្ថភាពប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័ត នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឃាត់ទុកនាពេលកន្លងមក គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើទម្ងន់កម្រិតកំណត់ សូមអញ្ជើញ ម្ចាស់យានយន្តទាំងអស់ មកចូលរួមដោះស្រាយ ៕

    សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដូចខាងក្រោម៖

    ប្រភព​៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: