រៀនធ្វើម្ហូប
[ទំព័រម្ហូប] ត្រាំត្រីសាល់ម៉ុនបែបណាទើបឆ្ងាញ់ ម៉ោះ Food Mention ប្រាប់ពីរបៀបត្រាំត្រីសាល់ម៉ុនទឹកស៊ីអ៉ីវបែបកូរ៉េ បានឆ្ងាញ់ហើយចំណេញលុយទៀត
BY Liny Chan
October 2, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ត្រីសាល់ម៉ុនត្រាំទឹកស៊ីអ៉ីវបែបកូរ៉េមកផ្ញើ បងប្អូនដែលនិយមចូលចិត្តទទួលទានត្រីសាល់ម៉ុន អាចសាកធ្វើញ៉ាំច្បាស់ជាជាប់ចិត្តជាមិនខាន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- សាច់ត្រីសាល់ម៉ុន ៣០០ក្រាម
- ទឹកស៊ីអ៉ីវកូរ៉េឈរយុ ១ចានចង្កឹះ
- ទឹកស្អាត ១ចានចង្កឹះ
- ស្ករស ២ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ល្អិត ២ស្លាបព្រាបាយ
- ខ្ញីហាន់បន្ទះ ៦បន្ទះ
- ខ្ទឹមស ៦គ្រាប់
- ម្ទេសស្រស់និងម្ទេសខ្មាំង ១០គ្រាប់
- បន្ទះសារ៉ាយ សម្រាប់ទទួលទាន
- ល្ងសរ លីងឆ្អិន សម្រាប់រោយ
- បាយជប៉ុន សម្រាប់ទទួលទានជាមួយ
- ទឹកត្រីកោះកុង សម្រាប់ទទួលទាន
*វិធីធ្វើ
- ចាក់ទឹកស៊ីអ៉ីវកូរ៉េឈរយុចូលក្នុងឆ្នាំង តាមដោយទឹកស្អាត ស្ករស បើកភ្លើងល្មម កូរអោយស្កររលាយ នៅពេលដែលពុះ ដាក់ស្លឹកខ្ទឹម ខ្ញីចាស់ចូលទៅ ដើម្បីអោយមានក្លិនឈ្ងុយ នៅពេលដែលពុះម្តងទៀតបិទភ្លើងទុកអោយត្រជាក់
- ក្រោយមកទៀតយកសាច់ត្រីសាល់ម៉ុន ចេញមករួចប្រើក្រដាក់ជូតសាច់ត្រីអោយស្ងួតទឹក ក្រោយមកហាន់ត្រីសាល់ម៉ុនជាបន្ទះកម្រាស់ល្មម តាមចំណូលចិត្ត រួចយកសាច់ត្រីដាក់ចូលក្នុងចានសម្រាប់ត្រាំ រួចយកទឹកស៊ីអ៉ីវដែលត្រជាក់ហើយចាក់ពីលើ រោយដោយខ្ទឹមសហាន់ស្តើងៗ និងម្ទេសស្រស់ហាន់ល្អិត ក្រោយមកប្រើផ្លាស្ទឹករុំបិទអាហារ បិទអោយជិតរួចយកទៅផ្លាសេក្នុងទូទឹកករយះពេល ១យប់
- នៅពេលដែលគ្រប់រយះពេល ១យប់ហើយ ដួសដាក់ចានរោយដោយល្ងពីលើ ទទួលទានជាមួយបាយជប៉ុន និងទឹកត្រីកោះកុង ខ្ចប់ដោយសារ៉ាយជាការស្រេច។


