ដំណឹងបន្ទាន់! រដ្ឋបាលរាជធានី ណែនាំអោយបង្ហាញកាតចាក់វ៉ាក់សាំង មុនពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មនានា
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ: ០២៧/២១ សណន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ សូមធ្វើការណែនាំអោយប្រជាពលរដ្ឋគ្រប់រូបបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ រឺលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។

សេចក្តីណែនាំដែលក្រុមការងារខ្មែរណូត ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន រោងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតអោយបើកដំណើរ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ណែនាំខាងលើ ត្រូវប្រឈមមុខនិងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានដល់បិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ថែមទៀតផង៕


