នាឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ ថ្ងៃនៅខេត្តបាត់ដំបង ភ្ញៀវទេសចរជាតិថយចុះជាង៩០ភាគរយ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញស្ថិតិភ្ញៀវទេសចរ ក្នុងឱកាសពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃក្នុងខេត្ត ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ សរុបមានចំនួន ៣៧,៧២៤នាក់ ថយចុះ ៩២,១៤% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ១៣៤,៤៤០ នាក់។

លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថា ក្រុមការងារមន្ទីរ ទេសចរណ៍ បានចុះត្រួតពិនិត្យតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរការទាំង១៣ កន្លែង ឃើញថាម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធី ប្រតិបត្តិស្ដង់ដារអប្បបមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ ១៩។
លោកហម អារុណ បានឱ្យដឹងបន្ថែមថា ដំណើរការទទួលភ្ញៀវទេសចរ ៣ថ្ងៃនេះក៏មានការប្រឈមផងដែរ ដូចជាមានភ្លៀងធ្លាក់ និងមានទឹកជំនន់ នៅតាមរមណីយដ្ឋានទេសចរណ៍មួយចំនួនក្នុងស្រុកសំឡូត ដែលធ្វើសមត្ថភាពទទួលភ្ញៀវត្រូវបានកាត់បន្ថយ (Minimize Carrying Capacity)។ រមណីយដ្ឋានមួយចំនួន មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ លើសកំណត់ ជាហេតុធ្វើឱ្យម្ចាស់ រមណីយដ្ឋានបិទមិនទទួលឱ្យចូលក្នុងទីតាំងរមណីយដ្ឋានបន្ថែមឡើយនិងផ្លូវទៅកាន់គោលដៅមួយចំនួនខូចខាត និងទឹកហូរកាត់ផ្តាច់។
សូមបញ្ជាក់ថា រមណីយដ្ឋានទេសចរណ៍ដែលអនុញ្ញាតឱ្យដំណើរការទាំង១៣ទីតាំងនៅខេត្តបាត់ដំបងមានដូចជា៖
-រមណីយដ្ឋាន ប្រាសាទបាណន់
-រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ
-រមណីយដ្ឋាន អាងកំពីងពួយ
-រមណីយដ្ឋាន ចំការស្វាយ
-រមណីយដ្ឋាន ស្ទឹងថ្មដាចម្ការទុរេន
-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
-រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
-រមណីយដ្ឋាន ភ្នំកំពូល
-រមណីយដ្ឋាន ចំការទុរេនអូរតង
-រមណីយដ្ឋាន វាលចម្បាំង ខេមសាយ
-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និង
-មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់៕









ប្រភព៖ ក្រសួងព័ត៌មាន