អន្តរជាតិ

ក្រុមហ៊ុន AstraZeneca បាននិយាយថា ថ្នាំចាក់ការពារជំងឺកូវីដ១៩ របស់ខ្លួន មានប្រសិទ្ធភាព ៧៧% នៅក្នុងការសាកល្បងព្យាបាលចុងក្រោយ

BY
autoadmin
October 16, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុន AstraZeneca បានស្នើសុំការយល់ព្រមជាបន្ទាន់ ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកអាមេរិក (FDA) សម្រាប់ថ្នាំចាក់ប្រឆាំងនឹងជំងឺ COVID-19 របស់ខ្លួន ដែលជាជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។ សមាសធាតុជីវសាស្ត្ររបស់ AstraZeneca ដែលត្រូវបានគេស្គាល់ថា AZD7442 មានផ្ទុកអង្គទីករដែលផលិតដោយមន្ទីរពិសោធន៍ ហើយវាត្រូវបានរចនាសម្រាប់រស់នៅក្នុងខ្លួនអ្នកប្រើប្រាស់ជាច្រើនខែ ដើម្បីការពារមេរោគក្នុងករណីមានការឆ្លងជំងឺនេះ។

ក្រុមហ៊ុន AstraZeneca បាននិយាយថា ថ្នាំនេះជួយកាត់បន្ថយហានិភ័យធ្ងន់ធ្ងរ ឬការស្លាប់ដោយសារជំងឺ និងកាត់បន្ថយហានិភ័យបាន ៧៧% ចំពោះមនុស្សដែលវិវត្តទៅជាមានរោគសញ្ញាណាមួយនៃជំងឺ COVID-19 នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយរបស់ខ្លួន។ ថ្នាំការពារជំងឺ COVID-19 មួយនេះ គឺជាការលាយបញ្ចូលគ្នា (antibody cocktail) ផ្អែកលើ Monoclonal ដែលជាអង្គធាតុអង្គទីករតែមួយ ដែលដូចទៅនឹងថ្នាំព្យាបាលរបស់គូប្រជែងខ្លួនគឺ Regeneron, Eli Lilly, និង GlaxoSmithKline និង Vir ដើម្បីបញ្ឈប់ការឆ្លងជំងឺ COVID-19 ពីការរីករាលដាលនៅដំណាក់កាលដំបូងនៃការឆ្លងមេរោគ។

ថ្នាំចាក់របស់ AstraZeneca មានប្រសិទ្ធភាពបានរយៈពេលពីច្រើនខែទៅមួយឆ្នាំ ហើយក៏ជួយការពារមនុស្សដែលមិនមានភាពស៊ាំខ្លាំងក្រោយពីចាក់វ៉ាក់សាំង COVID-19 ដោយសារតែការប្រើគីមី ឬថ្នាំច្រើននៃអ្នកដែលធ្លាប់ប្តូរសរីរាង្គផងដែរ។ រំលឹកដែរថា FDA អាមេរិកបានអនុញ្ញាតឱ្យប្រើថ្នាំ Regeneron កាលពីខែកញ្ញា សម្រាប់ប្រើប្រាស់ក្នុងការការពារជំងឺ COVID-19 បន្ទាប់ពីប៉ះពាល់ជាមួយមនុស្សដែលឆ្លង។ ទោះយ៉ាងណាក៏ដោយ ការដាក់ពាក្យរបស់ AstraZeneca គឺសម្រាប់ការការពារជាមុន នៅមុនពេលមានការប៉ះពាល់ណាមួយជាមួយអ្នកជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: