សហរដ្ឋអាមេរិកនឹងដកការរឹតបន្តឹងលើអ្នកធ្វើដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានពេញលេញ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ខាងមុខនេះ
- BY
- autoadmin
- October 16, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងដកការរឹតបន្តឹងលើអ្នកធ្វើដំណើរអន្តរជាតិ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានពេញលេញ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ ការប្រកាស និងកាលបរិច្ឆេទនេះ នឹងត្រូវអនុវត្តទាំងការធ្វើដំណើរតាមអាកាស និងការធ្វើដំណើរតាមផ្លូវគោកទាំងអស់ នេះបើតាមការបញ្ជាក់ដោយអ្នកនាំពាក្យសេតវិមានលោក Kevin Munoz ដែលបានបញ្ជាក់នៅលើបណ្ដាញសង្គម Twitter ។

រំលឹកផងដែរថា ការដាក់កំហិតលើអ្នកដំណើរដែលមិនមែនជាជនជាតិអាមេរិក ដើម្បីដោះស្រាយការរីករាលដាលនៃជំងឺ COVID-19 ត្រូវបានដាក់ជាលើកដំបូងលើអ្នកដំណើរពីប្រទេសចិន កាលពីក្នុងខែមករា ឆ្នាំ២០២០ ដោយរដ្ឋបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយបន្ទាប់មកប្រទេសរាប់សិបផ្សេងទៀត ក៏ត្រូវបានដាក់ការរឹតត្បឹតដូចគ្នា។ ចំណែកការទប់ស្កាត់អ្នកដំណើរដែលមិនចាំបាច់ នៅព្រំដែនគោកជាមួយម៉ិកស៊ិក និងកាណាដា បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងណា សហរដ្ឋអាមេរិកនៅតែជាប្រទេសមានការឆ្លង និងស្លាប់ច្រើនបំផុតដោយសារជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN
- Share This Post:






