កម្លាំងការពារព្រំដែន ឃាត់ខ្លួនមេខ្យល់ម្នាក់ និងប្រជាពលរដ្ឋលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ចំនួន ៥៨នាក់ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១០ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ អនុវត្តតាម យោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរ សេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ បានដឹក នាំកម្លាំងសហការជាមួយ កងកម្លាំងកងពលពលតូចថ្មើជើងលេខ ៥៣ កម្លាំងវរៈលេខ៥០៤ដែលឈរជើងនៅក្នុងភូមិសាស្រ្ត ឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង រួមជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ ដែលស្ថិតក្នុងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នាបានបង្រ្កាបទប់ស្កាត់បានទាន់ពេលប្រជាពលរដ្ឋដែលលបលួចឆ្លងដែនពីប្រទេសកម្ពុជាចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់ បានចំនួន ៥៨នាក់ ក្នុងនោះមានស្រី្តចំនួន ២០នាក់ និងកុមារចំនួន ០៥នាក់ផងដែរ។

ក្នុងពេលជាមួយនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមេខ្យល់ម្នាក់ដែល ជាអ្នកនាំពួកគាត់ទាំងអស់គ្នាឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដែលពេលនេះនគរបាលវរៈព្រំដែនបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕



