រដ្ឋមួយនៅក្នុងប្រទេសអាល្លឺម៉ង់បានបើកឱ្យម្ចាស់អាជីវកម្មនានា មានសិទ្ធិហាមឃាត់ការចូលរបស់អ្នកដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនល្មើសច្បាប់នោះទេ
- BY
- autoadmin
- October 18, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា រដ្ឋ Hessen របស់ប្រទេសអាល្លឺម៉ង់ បានក្លាយជារដ្ឋដំបូងគេបំផុតនៅក្នុងប្រទេស ដែលអនុញ្ញាតឱ្យម្ចាស់អាជីវកម្មធ្វើការហាមឃាត់រាល់អតិថិជន ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានត្រឹមត្រូវ។ ពោលគឺតាមផ្សារទំនើបនៅរដ្ឋ Hessen ត្រូវបានផ្ដល់ការអនុញ្ញាតដោយអាជ្ញាធរ ដើម្បីឱ្យម្ចាស់អាជីវកម្មហាមឃាត់មិនឱ្យមានការចូលទិញទំនិញនានា ពីអ្នកដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឬសូម្បីតែវាជាទំនិញចាំបាច់ក៏ដោយ។

នៅក្រោមគោលនយោបាយថ្មីនេះ ម្ចាស់ហាងអាចសម្រេចចិត្តថា តើគួរអនុញ្ញាតឱ្យចូលតែអ្នកចាក់វ៉ាក់សាំង និងអ្នកដែលបានជាពីជំងឺ (ច្បាប់ 2G rule) ឬ អ្នកដែលបានធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺ COVID-19 (3G rule) ដែរទេ ដោយមិនមានការល្មើសច្បាប់ណាមួយនោះឡើយ។ ឥឡូវនេះមានរដ្ឋអាល្លឺម៉ង់ចំនួន ៨ កំពុងប្រើជម្រើស 2G សម្រាប់អាជីវកម្មមានហានិភ័យខ្ពស់មួយចំនួន ដូចជា៖ បារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ រោងកុន និងផ្ទះបន។ ប៉ុន្តែសម្រាប់រដ្ឋ Hessen គឺគ្រប់ម្ចាស់អាជីវកម្មទូទៅ គឺអាចមានជម្រើសថា តើពួកគេនឹងទទួលអតិថិជនបែបណា ឬអត់ ដោយមិនចំពោះថាជាអាជីវកម្មមានហានិភ័យនោះទេ។
យ៉ាងណាក៏ដោយ ថ្វីបើប្រទេសនៅអឺរ៉ុបផ្សេងទៀតដូចជា អ៊ីតាលី និងបារាំង បានអនុវត្តតម្រូវការចាក់វ៉ាក់សាំងយ៉ាងតឹងរ៉ឹង ដែលហាមឃាត់មិនឱ្យអ្នកមិនចាក់វ៉ាក់សាំងទៅធ្វើការ ឬញ៉ាំអាហារនៅហាងកាហ្វេក៏ដោយ ប៉ុន្តែមេដឹកនាំភាគច្រើនក៏បានបញ្ឈប់ការដាក់ការកាតព្វកិច្ចលើប្រជាជនរបស់ពួកគេផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






