ប្រទេសជប៉ុននិយាយថា ខ្លួននឹងបង្កើនសមត្ថភាពការពារមីស៊ីលរបស់ខ្លួន ខណៈដែលប្រទេសចិនកំពុងបង្កើនសមត្ថភាពមីស៊ីលល្បឿនលឿន
- BY
- autoadmin
- October 18, 2021
អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបាននិយាយថា ប្រទេសនេះនឹងបង្កើនសមត្ថភាពការពារមីស៊ីលរបស់ខ្លួន បន្ទាប់ពីរបាយការណ៍របស់កាសែតអង់គ្លេសមួយបានចុះផ្សាយថា ប្រទេសចិនបានបាញ់សាកល្បងមីស៊ីល Hypersonic ថ្មីមួយ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ ប្រធានលេខាធិការខុទ្ទកាល័យលោក Matsuno Hirokazu បានលើកឡើងពីអត្ថបទមួយរបស់កាសែត Financial Times ដែលបាននិយាយថា ប្រទេសចិនបានធ្វើតេស្តសាកល្បងកាលពីខែសីហា ហើយមីស៊ីល Hypersonic ថ្មីមួយនោះត្រូវបានគេដឹងថា មានល្បឿនលឿនជាងល្បឿនសំឡេងប្រហែល ៥ដង និងពិបាកស្ទាក់ចាប់ខ្លាំងណាស់។

លោក Matsuno បាននិយាយថា គាត់ដឹងអំពីរបាយការណ៍នេះ ហើយជាក់ស្តែងប្រទេសចិនក៏គឺកំពុងបង្កើនល្បឿនអភិវឌ្ឍលើអាវុធល្បឿនលឿននានា ដើម្បីអាចមានសមត្ថភាពគេចពីប្រព័ន្ធការពារមីស៊ីល។ លោកបានគូសបញ្ជាក់ថា ទីក្រុងប៉េកាំងមិនមានតម្លាភាពអំពីការបង្កើនការចំណាយរបស់ខ្លួនក្នុងវិស័យការពារជាតិ រួមទាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ទាំងគុណភាព និងបរិមាណនោះទេ ហើយថា ការពង្រីកសកម្មភាពយោធារបស់ចិននៅលើសមុទ្រ និងលើអាកាស បានក្លាយជាកង្វល់សន្តិសុខដ៏ធំមួយសម្រាប់សហគមន៍តំបន់ និងពិភពលោក។
លោក Matsuno ក៏បាននិយាយផងដែរថា ការគំរាមកំហែងថ្មីមួយចំនួនត្រូវបានគេនិយាយថា ពិបាកនឹងឆ្លើយតបជាមួយឧបករណ៍ធម្មតាៗណាស់។ លោកបាននិយាយថា ប្រទេសជប៉ុននឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃការរកឃើញ តាមដាន និងស្ទាក់ចាប់របស់ខ្លួន ប្រឆាំងនឹងការគំរាមកំហែងណាមួយពីលើអាកាស។ លោកបានបន្ថែមថា ប្រទេសជប៉ុននឹងពង្រឹងសមត្ថភាពការពារអាកាស និងមីស៊ីលដ៏ទូលំទូលាយរបស់ខ្លួន ដែលដំណើរការឧបករណ៍តាមរយៈបណ្តាញកុំព្យូទ័រ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






