ក្រសួងសុខាភិបាល៖ គិតត្រឹមថ្ងៃ១៧ ខែតុលា អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩កើនដល់៩៩,៤៨ភាគរយ សម្រាប់មនុស្សចាស់ និងកុមារ ៩០,២៧ភាគរយ ធៀបនឹងគោលដៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងសុខាភិបាលបានគូសបញ្ជាក់នៅថ្ងៃ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានកើនដល់៩៩,៤៨ភាគរយ សម្រាប់មនុស្សចាស់ និងកុមារបានចំនួន៩០,២៧ភាគរយ បើធៀបនឹងចំនួនកំណត់។

ក្រសួងបានលើកឡើងយ៉ាងដូច្នេះថា «កំណើនអត្រាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ មាន ៩៩,៤៨ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,២៧ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៩៦៦ ៩៣១នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៨,៥៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២នាក់» ។ ជាមួយគ្នានោះដែរក្រសួងក៏បានឱ្យដឹងអំពីចំនួនអ្នកដែលបានចាក់ដូសទី៣ ឬដូសជំរុញថាមានចំនួន ១ ៤៣១ ៥៨២នាក់ នៅទូទាំងប្រទេស។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀត ដែលជាជំនួយរបស់ រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ ការផ្តល់នេះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ចិនបង្ហាញជំហរថា ចិននៅតែបន្តផ្តល់វ៉ាក់សាំង និងសម្ភារបរិក្ខារពេទ្យ មកកម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតយកឈ្នះជំងឺនេះបានទាំងស្រុង។
ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស និងមុនផែនការគ្រោងទុក ៕



ប្រភព៖ ក្រសួងព័ត៌មាន