អន្តរជាតិ

រដ្ឋបាលចំណីអាហារនិងឱសថអាមេរិក គ្រោងនឹងអនុញ្ញាតឱ្យពលរដ្ឋអាចចាក់វ៉ាក់សាំងដូសទី៣ ដែលខុសគ្នាពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងដែលពួកគេបានចាក់

BY
autoadmin
October 19, 2021

យោងតាមការចុះផ្សាយរបស់កាសែតញូវយ៉កថែមស៍ នៅថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ បានរាយការណ៍ថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬ Booster ផ្សេងពីវ៉ាក់សាំងដំបូងដែលពួកគេបានចាក់។ រំលឹកដែរថា FDA នៅខែកញ្ញា ក៏បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងដូសទី៣ ដែលផលិតដោយ Pfizer និងដៃគូ BioNTech សម្រាប់អ្នកដែលមានអាយុលើសពី ៦៥ឆ្នាំ និងជនជាតិអាមេរិកដែលមានហានិភ័យខ្ពស់។

ជាមួយគ្នានេះ ក្រុមប្រឹក្សារបស់ FDA ក៏បានគាំទ្រការប្រើប្រាស់វ៉ាក់សាំងដូសទី៣ របស់ Moderna និង Johnson & Johnson ផងដែរ បើទោះបីជាមិនទាន់បានផ្ដល់ការអនុញ្ញាតក្នុងគ្រាអាសន្នដូច Pfizer ។ របាយការណ៍របស់ NYT បាននិយាយថា រដ្ឋាភិបាលនឹងមិនណែនាំថាគួរប្រើវ៉ាក់សាំងដូសទី៣ ណាមួយនោះទេ ហើយបានកត់សម្គាល់ថា ការប្រើវ៉ាក់សាំងដូសទី៣ ដូចគ្នានឹងវ៉ាក់សាំងដំបូងតាមដែលអាចទៅបានគឺជារឿងល្អ។ យ៉ាងណាក៏ដោយ FDA បានបដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតលើបញ្ហានេះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: