អន្តរជាតិ

យោធាមីយ៉ាន់ម៉ាបានប្រកាសនឹងដោះលែងពលរដ្ឋប្រមាណ ៥,៦០០ នាក់ ដែលត្រូវបានចាប់ខ្លួននៅអំឡុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ

BY
autoadmin
October 19, 2021

យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទនេះបានប្រកាសថា ខ្លួននឹងដោះលែងមនុស្សប្រមាណ ៥,៦០០ នាក់ ដែលត្រូវបានចាប់ខ្លួននៅអំឡុងការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ដែលបានចាប់ផ្ដើមតាំងតែពីខែកុម្ភៈ ដើមឆ្នាំ២០២១។ យោធាបាននិយាយថា ចលនានេះមានគោលបំណងធ្វើឱ្យសាធារណជនស្រួលចិត្ត និងអនុញ្ញាតឱ្យពួកគេចូលរួមកិច្ចខិតខំកសាងប្រទេស។ វិទ្យុសំឡេងប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ា ក៏បានរាយការណ៍ដែរថា ប្រជាជនមួយចំនួនត្រូវបានដោះលែងខ្លះៗហើយ ក្នុងនោះមានអ្នកកាសែត ៣នាក់ ផងដែរ។

ការប្រកាសរបស់យោធានេះ បានធ្វើឡើងបន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានសម្រេចចិត្តមិនអញ្ជើញមេដឹកនាំយោធាគឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មកចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះឡើយ។ ចំណែកឯលោកឧត្តមសេនីយ៍ក្រោយមក បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ថា លោកត្រៀមខ្លួនដើម្បីបន្តការចរចាអំពីការទទួលយកបេសកជនអាស៊ាន ដែលជាបញ្ហាដែលនាំឱ្យមានការប្រឈមមុខដាក់គ្នារវាងបណ្ដាសមាជិក ASEAN និងរបបយោធា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: