អន្តរជាតិ

កូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ចូលទៅសមុទ្រខាងកើត

BY
autoadmin
October 19, 2021

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់នៅថ្ងៃអង្គារនេះបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងមួយគ្រាប់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណចូលសមុទ្រខាងកើត។ អគ្គសេនាធិការ (JCS) នៃសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«មីស៊ីលផ្លោងមិនស្គាល់អត្តសញ្ញាណ ត្រូវបានបាញ់ចេញពីតំបន់ Sinpo ចូលទៅក្នុងសមុទ្រខាងកើតឧបទ្វីបនេះ។ ឥឡូវនេះកូរ៉េខាងត្បូង និងចារកម្មអាមេរិក កំពុងធ្វើការវិភាគយ៉ាងដិតដល់សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត»។ ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ គឺជាការសាកល្បងអាវុធថ្មីចុងក្រោយបង្អស់របស់កូរ៉េខាងជើង។

តំបន់ Sinpo គឺជាកន្លែងដែលកូរ៉េខាងជើងរក្សានាវាមុជទឹក ក៏ដូចជាឧបករណ៍សម្រាប់បាញ់សាកល្បងមីស៊ីលផ្លោង ដែលបាញ់ចេញពីនាវាមុជទឹក (SLBMs) ​ ហើយកូរ៉េខាងជើងក៏បានបាញ់មីស៊ីលប្រភេទផ្សេងទៀតពីតំបន់នោះដែរ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ ដោយដកស្រង់ប្រភពរបស់រដ្ឋាភិបាលថា ការបាញ់បង្ហោះនេះបានកើតឡើងខណៈប្រមុខចារកម្មអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គ្រោងជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីការប្រឈមមុខដាក់គ្នាជាមួយកូរ៉េខាងជើងចំពេលមានបញ្ហាផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: