ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងដោះស្រាយប្រជាពលរដ្ឋឡើងមកទីទួលមានសុវត្ថិភាព

    BY Khmernote Media October 20, 2021
    អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជាថៃ និងដោះស្រាយប្រជាពលរដ្ឋឡើងមកទីទួលមានសុវត្ថិភាព

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកក្បែរអូរព្រំដែន ក្នុងសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀង ឡើងមកទួលសុវត្ថិភាព នៅថ្ងៃពុធ ទី២០ ខែតុលា ២០២១នេះ។

    ក្រោយបានចុះពិនិត្យមើលរួច ឯកឧត្តមអភិបាលខេត្ត បានដឹកនាំកងកម្លាំងតៀបចំទីជម្រកសុវត្ថិភាព ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ បានស្នាក់នៅ ទទួលទានដោយសុខសុវត្ថិភាព ប្រជាពលរដ្ឋឡើងមកប្រមាណជាង ១០គ្រួសារគិតត្រឹមថ្ងៃទី២០ តុលានេះ។

    ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអំពាវនាវសូមពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានអោយជាប់ ផ្តល់ព័ត៌មានដើម្បីជួយសម្របសម្រួលក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ។ សូមរស់នៅដោយអនាម័យស្អាត ចូលរួមអនុវត្តន៍វិធានការ៣ការពារ និង៣កុំអោយបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ ៕

    ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

    Share This Post: