ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជនសង័្សយចំនួន៤នាក់ តែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តលើដងផ្លូវនាពេលយប់ ត្រូវសមត្ថកិច្ចស្រុកថ្មគោល បង្រ្កាបឃាត់ខ្លួនបានសម្រេច

    BY Khmernote Media October 21, 2021
    ក្រុមជនសង័្សយចំនួន៤នាក់ តែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តលើដងផ្លូវនាពេលយប់ ត្រូវសមត្ថកិច្ចស្រុកថ្មគោល បង្រ្កាបឃាត់ខ្លួនបានសម្រេច

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃពុធ ១៤កើតខែ អស្សុជឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោសេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្តៅចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយបាននាំខ្លួនមុខសញ្ញាជនសង្ស័យចំនួន០៤នាក់គឺ៖

    ១-ឈ្មោះ ឡាសុជាតិ ហៅ បឿក ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយ ស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
    ២-ឈ្មោះ សុវណ្ណ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
    ៣-ឈ្មោះ ជួន សុខសាន្ត ហៅម៉ៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
    ៤-ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

    ករណីជនសង័្សយខាងលើបានធ្វើសកម្មភាពវបំផ្លាញទ្រព្យសម្បត្តិ(គប់កញ្ចក់រថយន្តពេលយប់នៅមូលដ្ឋានស្រុកថ្មគោល)។ សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទីនៅលើផ្លូវជាតិលេខ ៥ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត)មួយបានកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត០១គ្រឿងម៉ាក ហ្វុយសូ FUSO ពណ៌បៃតងចាស់ពាក់ស្លាកលេខភ្នំពេញ3C-8681 របស់ឈ្មោះ អុន ពិសិទ្ឋ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ខណៈជនរងគ្រោះកំពុងបើកបរលើផ្លូវជាតិពីទិសខាងជើងទៅទិសខាងត្បូង។ លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០និង៣០នាទីនៅចំណុចក្រុមទី២៧ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគប់កញ្ចក់រថយន្ត០១លើកទៀតបណ្ដាលឱ្យបែកកញ្ចក់រថយន្តចំនួន០៣គ្រឿង ដែលម្ចាស់រថយន្តមានឈ្មោះដូចខាងក្រោម៖

    ១-ឈ្មោះ សុខ ទៀប ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិទ្ធឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ រថយន្តម៉ាកហ៊ីណូHiNOពាក់ស្លាកលេខស្វាយរៀងបី 3A-0101ខូចខាត បែកកញ្ចក់ខាងមុខ។
    ២-ឈ្មោះ លី ហុង ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិកំពង់ស្វាយសង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាក អ៊ីណូENOពាក់ស្លាកលេខភ្នំពេញ3A-3818 ខូចខាតបែកបញ្ចក់ខាងមុខ។
    ៣-ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិព្រៃចក្រីឃុំអូរស្វាយស្រុកកំពង់សៀម ខេត្តកំពង់ចាម រថយន្តពាក់ស្លាកលេខព្រះសីហនុ3A-5423ខូចខាតបែកកញ្ចក់ខាងមុខ ។

    នៅក្រោយកើតហេតុគប់កញ្ចក់រថយន្តទាំង០២លើកខាងលើ នេះសមត្ថកិច្ចបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងកំណត់បានមុខសញ្ញាចំនួន០៤នាក់ខាងលើនិងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយនៅថ្ងៃនេះសមត្ថកិច្ចបាននាំខ្លួនជនសង័្សយខាងលើមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ក្នុងការសាកសួរ នេះជនសង្ស័យទាំង០៤នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តទាំង០២ លើកខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោលនិងរៀបចំបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: