ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយជាង ១៩០លីត្រ ត្រូវបានដកហូត នៅតាមបណ្ដាផ្សារក្នុងខេត្តចំនួន៥

    BY Khmernote Media October 21, 2021
    មន្ត្រីជំនាញ រកឃើញទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយជាង ១៩០លីត្រ ត្រូវបានដកហូត នៅតាមបណ្ដាផ្សារក្នុងខេត្តចំនួន៥

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តកែប និងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។

    ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦គីឡូក្រាមដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០លីត្រផងដែរ។ ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។

    ជាមួយគ្នានេះផងដែរ មន្ត្រីក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញក្លែងក្លាយទៅកាន់ប្រជាពលរដ្ឋ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: