អភិបាលខណ្ឌចំការមន សម្រេចផ្អាកទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោ Music Restaurant ដែលមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។

ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានពិនិត្យឃើញថា ទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន បានបិទទាំងអស់។ ដោយឡែកក្រុមការងារបានត្រួតពិនិត្យទីតាំងភោជនីយដ្ឋានមួយកន្លែង មានយីហោ Music Restaurant ដែលស្ថិតក្នុងផ្សារ វ័នម៉ល ផ្លូវរដ្ឋសភា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពុំបានចូលរួមតាមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និងនិងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចនេះក្រុមការងារបានសម្រេចផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងសារជាថ្មី ៕








ប្រភព៖ រដ្ឋបាលខណ្ឌចំការមន