ក្រុមហ៊ុនឱសថ Pfizer/BioNTech បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩០.៧% ប្រឆាំងនឹងជំងឺកូវីដ១៩ ចំពោះកុមារអាយុពី ៥ ទៅ ១១ឆ្នាំ
- BY
- autoadmin
- October 23, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ក្រុមហ៊ុនឱសថយក្សអាមេរិក Pfizer កាលពីថ្ងៃសុក្របាននិយាយថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលខ្លួនសហការផលិតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech បានបង្ហាញប្រសិទ្ធភាព ៩០.៧% ប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងការសាកល្បងព្យាបាលលើកុមារអាយុពី ៥ ទៅ ១១ឆ្នាំ។ នៅក្នុងឯកសារសង្ខេបដែលដាក់ជូនទៅរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ក្រុមហ៊ុនបាននិយាយថា នៅក្នុងការសាកល្បងដែលមានការចូលរួមពីកុមារចំនួន ២,២៦៨ នាក់ មានកុមារចំនួន ១៦ នាក់ ដែលបានទទួលការព្យាបាលបែប Placebo បានឆ្លងជំងឺ COVID-19 ខណៈក្នុងចំណោមកុមារដែលបានចាក់វ៉ាក់សាំង មានតែ ៣នាក់ ប៉ុណ្ណោះ ដែលបានឆ្លងជំងឺ COVID-19 ។

FDA ត្រូវបានគេរំពឹងថា នឹងបង្ហោះការត្រួតពិនិត្យឯករាជ្យរបស់ខ្លួន លើទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅពេលក្រោយ ដោយសារតែកុមារច្រើនជាង ២ដង នៅចំណោមកុមារចូលរួមការសាកល្បងទាំងអស់ បានទទួលយកការចាក់វ៉ាក់សាំងបង្ការ ច្រើនជាងការព្យាបាលបែប placebo។ ការសាកល្បងព្យាបាលរបស់ Pfizer មិនត្រូវបានរចនាឡើងជាចម្បង ដើម្បីវាស់ស្ទង់ប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 ចំពោះកុមារនោះទេ។ ផ្ទុយទៅវិញវាបានប្រៀបធៀបបរិមាណនៃអង់ទីករ ដែលកកើតឡើយដោយការចាក់វ៉ាក់សាំងចំពោះកុមារ ទៅនឹងកម្រិតរបស់អ្នកទទួលវ៉ាក់សាំងវ័យចំណាស់ នៅក្នុងការសាកល្បងមនុស្សពេញវ័យរបស់ពួកគេ។ គួរឱ្យដឹងដែរថា នៅក្នុងការសាកល្បងនេះ គឺក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំ ត្រូវបានគេចាក់វ៉ាក់សាំងកម្រិត ១០ មីក្រូក្រាម ចំនួន ២ ដង។ ចំណែកមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ត្រូវបានគេផ្ដល់កម្រិតវ៉ាក់សាំង ១ ភាគ ៣ នៃកម្រិតវ៉ាក់សាំង ១០ មីក្រូក្រាមនោះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






